តារាសម្តែង និង ចម្រៀង កញ្ញា ប៊េប៊ី បានបាត់មុខពីសិល្បៈយូរឆ្នាំមកហើយ ក្រោយពីនាងបានងាកទៅបើកហាងកាហ្វេដើម្បីរកប្រាក់ចិញ្ចឹមជីវិត ដោយឡែកថ្មីៗនេះ ស្រាប់តែ ប៊េប៊ី បានប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មមួយ ហើយត្រៀមខ្លួនធ្វើជាអ្នកចម្រៀងឯករាជ្យវិញ ដើម្បីពង្រឹងស្នាដៃឡើងវិញ ។
ថ្វីដ្បិតតែកន្លងមកកញ្ញា ប៊េប៊ី បានជាប់កុងត្រាច្រៀងឱ្យផលិតកម្មមួយក៏ពិតមែន ប៉ុន្មានរយៈពេលជាច្រើនឆ្នាំមកនេះ នាងពុំបានចេញបទចម្រៀងណាមួយដើម្បីបំពេរអារម្មណ៍ទស្សនិកជនឡើយ ដោយនាងសំងំស្ងាត់ឈឹង មិនថានៅក្នុងកម្មវិធីប្រគំតន្រ្តី កម្មវិធីកម្សាន្ត ឬ កម្មវិធីជួប គឺមិនមានវត្តមានរបស់នាងឡើយ រហូតធ្វើឱ្យគ្រប់គ្នាគិតថា ប៊េប៊ី សម្រេចចិត្តបោះបង់សិល្បៈ ដើម្បីរៀបចំជីវិតគូទៅហើយ ដែលជាញឹកញាប់ នាងនៅមើលការខុសត្រូវហាងកាហ្វេរបស់ខ្លួន ។
ទោះជាយ៉ាងនេះក្តី នៅព្រឹកថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ស្រាប់តែ ប៊េប៊ី បានប្រកាសនៅលើ ហ្វេសប៊ុក របស់ខ្លួនថា នាងបានបញ្ចប់កុងត្រាជាមួយផលិតកម្មមួយដែលនាងធ្លាប់ធ្វើជាតារាចម្រៀងនៅទីនោះអស់ពេលជាច្រើនឆ្នាំ ពេលនេះនាងសុំធ្វើជាអ្នកចម្រៀងឯករាជ្យវិញ ហើយនាងក៏ត្រៀមខ្លួននឹងចេញបទចម្រៀងថ្មីដើម្បីវិលត្រឡប់មកជួបអ្នកគាំទ្រ ។
កញ្ញា ប៊េប៊ី បានប្រាប់ផងដែរថា នាងនឹងមានស្នាដៃថ្មីដើម្បីបង្ហាញទស្សនិកជនក្នុងពេលឆាប់ៗខាងមុខ ពីព្រោះក្តីស្រមៃរបស់នាង គឺចង់ក្លាយទៅជាតារាចម្រៀងលេចធ្លោម្នាក់ ហើយនាងបានត្រៀមបទចម្រៀង Original Song ជាច្រើនបទដើម្បីសាងកេរ្តិ៍ឈ្មោះ ។
កញ្ញា ប៊េប៊ី មិនទាន់ហ៊ានរំពឹងថា ការវិលត្រឡប់របស់នាងនឹងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ដូចដើម ឬយ៉ាងណាទេ ប៉ុន្តែក្នុងចិត្តនាងនៅតែជឿជាក់ថា អ្នកគាំទ្រនៅតែស្រឡាញ់ពេញចិត្តនាង ៕