ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញពីបំណងដល់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ (showcase) នៅលើឆាកអន្តរជាតិ, ក៏ដូចជាការណ៍ដែលវេទិកាសេដ្ឋកិច្ចពិភពលោកចូលរួមលើកកម្ពស់របៀបវារៈនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់គ្រប់បណ្តាប្រទេសទាំងអស់, ដោយរាប់ទាំងកម្ពុជា នៅក្នុងបរិការណ៍ ដ៏លំបាក និងមិនច្បាស់លាស់កន្លងមក។

លោកសាស្រ្តាចារ្យ បានបញ្ជាក់ថា ក្រោយពីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីឆ្នាំទៅ, លោកសាស្រ្តាចារ្យ បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសដែលមានសក្តានុពល និង កំពុងរីកលូតលាស់ទៅមុខយ៉ាងល្អប្រសើរ ។ ទន្ទឹមនេះ, លោកសាស្រ្តាចារ្យ បានបង្ហាញពីបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជាផ្ទាល់។

សម្តេចធិបតី បានស្វាគមន៍ចំពោះបំណងដ៏ល្អនេះ និងបានលើកឡើងអំពីសង្គតិភាព និងលទ្ធភាពបន្ស៊ីគ្នាបានរវាងរបៀបវារៈនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ជាពិសេស ត្រង់ការអភិវឌ្ឍវិស័យឯកជន និង ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យសាធារណៈ និង វិស័យឯកជន ឱ្យកាន់តែមានភាពប្រសើរឡើង។ ក្នុងស្មារតីនេះដែរ, រាជរដ្ឋាភិបាលនឹងរៀបចំវេទិកាសាធារណៈ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងខែវិច្ឆិកាខាងមុខ, ដែលសម្រាប់ករណីនេះ លោកសាស្រ្តាចារ្យ សង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោក នឹងដើរតួជាថ្នាលជំរុញឱ្យវិស័យឯកជនបំពេញតួនាទីរបស់ខ្លួនកាន់តែសកម្ម និងអាចរីកលូតលាស់ថែមទៀត។

លោកសាស្រ្តាចារ្យ ក៏បានគោរពអញ្ជើញសម្តេចធិបតីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស (Davos) នាពេលឆាប់ៗខាងមុខនេះ។ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញនេះ ហើយសម្តេចធិបតី នឹងពិនិត្យលទ្ធភាពចូលរួម ដោយមានគណៈប្រតិភូ និងសមាគមធុរកិច្ចកម្ពុជាចូលរួមអមជាមួយផងដែរ៕