ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញានេះថា ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំការប្រជុំបន្ទាន់ស្តីពីការងាររំដោះទឹកជំនន់ដែលជាជំនន់ទឹកភ្លៀងឱ្យទៅតាមគ្រប់ប្រឡាយ ព្រែក អូរ ស្ទឹង ទន្លេ និងតាមគ្រប់ច្រកទាំងអស់ចេញពីរាជធានីភ្នំពេញដែលធានាយ៉ាងណាកុំឱ្យមានការលិចលង់នៅក្នុងរដូវវស្សា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអនុប្រធានអាជ្ញាធរទន្លេសាប ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម និងខេត្តព្រៃវែង។
ក្រសួងបានបញ្ជាក់ថា ដោយអនុវត្តតាមផែនការដ៏ម៉ឺងម៉ាត់បំផុតរបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញតាមគ្រប់ផ្លូវទឹកទាំងអស់ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងសហការីបានចាត់វិធាការអនុវត្តភ្លាមៗ ដោយសហការខ្ពស់ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងបណ្តាដៃគូអភិវឌ្ឍន៍ជាច្រើនទៀតដោយធានាយ៉ាងណាក្នុងការដោះស្រាយចំពោះមុខមិនឱ្យរាជធានីភ្នំពេញទទួលរងនូវគ្រោះហានិភ័យដោយសារទឹកជំនន់ក្នុងគ្រប់រដូវវស្សា នៅក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឈានទៅអនុវត្តផែនការការងាររយៈពេលមធ្យមដោយធ្វើទំនើបកម្មវិស្វកម្មលើប្រព័ន្ធដោះទឹកទាំងឡាយ ដើម្បីធ្វើការបញ្ចប់នូវជំនន់គ្រប់ប្រភេទក្នុងទីក្រុងភ្នំពេញ និងទីក្រុងរណបរបស់វា។
ព្រមពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ស៊ីណាត ក៏បានចាត់ឱ្យមន្រ្តីជំនាញរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលសហការគ្នាធ្វើការបើកមុខទឹកទាំងអស់ចាប់ពីតំបន់ផ្នែកខាងលើកំពង់ទួលទឹកថ្លាទៅទល់នឹងតំបន់រលាំងជ្រៃទាំងសងខាងដោយកាត់បន្ថយបរិមាណទឹកក្នុងធាចំនួន ១៣០០ ម៉ែត្រគូបក្នុងវិនាទីកុំឱ្យមកកៀកនឹងរាជធានីភ្នំពេញ ចូលដល់តំបន់ X1 ជន់លិចតំបន់ព្រលានយន្តហោះថ្មី និងជន់លិចផ្លូវក្រវាត់ក្រុងទី៣។ ចំពោះមុខបំផុតក្រសួងធនធានទឹក និងឧតុនិយម នឹងត្រូវចាត់ឱ្យដំណើរការឡើងវិញលើប្រព័ន្ធប្រឡាយ៩២ ប្រព័ន្ធប្រឡាយ៩៤ ប្រព័ន្ធប្រឡាយ៩៦ ប្រព័ន្ធប្រឡាយខ្សាច់ដែលត្រូវជួយរំដោះទឹកឱ្យបានលឿនបំផុតចេញពីបណ្តាតំបន់ទាំងអស់ដែលនៅកៀកនឹងរាជធានីភ្នំពេញ៕
អត្ថបទ៖ អក្ខរា