សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍បញ្ញវ័ន្តដ៏កម្រមួយរូប មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសទទួលស្វាគមន៍ចំពោះវត្តមានរបស់លោកបណ្ឌិត​ សាយ បូរី មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានចាត់ទុកវត្តមានរបស់បញ្ញវ័ន្តរូបនេះ គឺជាការទទួលបានធនធានមនុស្សដ៏កម្របន្ថែមទៀត សម្រាប់គណបក្សប្រជាជនកម្ពុជា​។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែកញ្ញា បានលើកឡើងថា៖ “ជាថ្មីម្តងទៀតក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្ត
មក​ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរីគណបក្សប្រជាជនកម្ពុជានឹងទទួលបានបញ្ញាវ័នដែលជាទីគោរព និងធនធានមនុស្សដ៍កម្របន្ថែមទៀត។ សូមជូនពរឯកឧត្តមសាយ បូរីនិងក្រុមគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន”។

សូមបញ្ជាក់ថា លោកបណ្ឌិត សាយ បូរី បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបង្ហាញពីការសម្រេចចិត្តចូលសង្វៀននយោបាយឡើងវិញ បន្ទាប់ពីសម្រាកអស់រយៈពេលជិត ៣០ឆ្នាំ។ លោកបានលើកឡើងថា លោកបានលាលែងចេញពីគណបក្សលោកតាសឺន សាន តាំងពីឆ្នាំ ១៩៩៥ មុននឹងមកបង្កើតគណ:មេធាវី ហើយក៏នៅបន្តឯករាជរហូត ដើម្បីបំរើជាតិខ្មែរ។

“ខ្ញុំយល់ច្បាស់អំពីមនោគមវិជ្ជាដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ដែលក្នុងខ្លឹមសារស៊ីជម្រៅត្រូវនឹងឧត្តមគតិរបស់ខ្ញុំទាំងស្រុង ជាពិសេស បានឃើញច្បាស់អំពីការឈានឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍប្រទេសជាតិ, កិត្យានុភាពជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព”។ លោកបានបន្តថា៖ “មួយជីវិតខ្ញុំជាអ្នកសិក្សាស្រាវជ្រាវ, ជាអ្នកបណ្តុះបណ្តាលបញ្ញវន្តនានាជាច្រើននាក់ និងជាអ្នកនយោបាយមួយរូប, ខ្ញុំមើលឃើញច្បាស់ថា ស្ថានភាពស្រុកទេសយើង មានលក្ខណៈល្អប្រសើរស្ទើគ្រប់វិស័យ ហើយគ្រឹះនៃសុខសន្តិភាព ព្រមទាំងការរៀបចំការបន្តវេនដឹកនាំប្រទេស ដោយអ្នកជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាបញ្ញវន្តពោពេញទៅដោយសមត្ថភាព នឹងបន្តធ្វើឱ្យប្រទេសជាតិយើង កាន់តែមានការរីកចំរើន និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ហើយប្រជាជននឹងបន្តរស់នៅក្នុងភាពសុខសាន្តក្រោមដំបូលនៃសុខសន្តិភាព”។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា លោកបានសម្រេចចិត្តដើរតាមមាគ៌ានៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំគណបក្សដ៏ឆ្នើម និងជាមហាអគ្គមគ្គុទេសរបស់ជាតិ។ លោកសូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានសម្រេចទទួលយករូបលោកភ្លាមឲ្យចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ “ខ្មែររួមគ្នាជាធ្លុងមួយ ខ្មែរខ្លាំង និងបានសុខក្សេមក្សាន្តយូរអង្វែង ហើយស្រុកទេសនឹងរីកចម្រើនឆាប់រហ័ស”។ នេះសារបន្ថែមរបស់លោកបណ្ឌិត សាយ បូរី៕

អត្ថបទ៖ អក្ខរា