ឯកឧត្តមឧបនាយករដ្ឋមន្តី្រ សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានរំលឹកឡើងពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយបានកោតសរសើរចិនដែលបានត្រៀមខ្លួនរួចជាស្រេចចូលជាភាគីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដោយគ្មានខបម្រុង។ ការណ៍នេះ បើសម្រេចបាន នឹងជំរុញលើកទឹកចិត្តដល់រដ្ឋដែលមានអាវុធនុយក្លេអ៊ែរផ្សេងទៀត ចូលជាភាគីនៃសន្ធិសញ្ញានេះផងដែរ។
ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្តី្រ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM)នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ កិច្ចប្រជុំ AMM បានផ្តោតលើដំណើរការនៃការកសាងសហគមន៍អាស៊ាន ក្រោមការដឹកនាំ របស់ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” វិធីសាស្ត្រដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC) និងទំនាក់ទំនងអាស៊ានជាមួយដៃគូសន្ទនា និងដៃគូផ្សេងៗទៀត។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា អាស៊ានបានបង្ហាញ ច្បាស់ពីស្មារតីឯកភាពគ្នាជាធ្លុងមួយក្នុងការពុះពារឆ្លងកាត់បញ្ហាប្រឈមពហុសណ្ឋានជាច្រើន និងបានក្លាយជាស្នូលនៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយនៅក្នុងន័យនេះ អាស៊ានត្រូវ បន្តពង្រឹងប្រសិទ្ធភាពស្ថាប័នសំខាន់ៗរបស់ខ្លួន ដើម្បីដោះស្រាយភាពស្មុគស្មាញនៃការប្រកួត ប្រជែងភូមិសាស្ត្រយុទ្ធសាស្ត្រ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ប្រទេស សមាជិកអាស៊ានបន្តជំរុញពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ស្វែងរកប្រភពនៃកំណើនថ្មី និងធានាឱ្យបាននូវការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)៕
អត្ថបទ៖ អក្ខរា