ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុញ្ញាតឱ្យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឱ្យមានភាពរឹងម៉ាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឱ្យបាននូវលទ្ធផលធំៗក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃេីញនូវស្មារតីគោរពស្រឡាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធក្នុងនាមកងកម្លាំងនគរបាលអាស៊ាន។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕