កញ្ញា ហេង កូនស៊ីន បរាជ័យក្នុងការប្រកួត Miss Grand តែបែរជាជោគជ័យវិស័យសម្តែង

កញ្ញា ហេង កូស៊ីន បានបរាជ័យក្នុងការប្រកួត Miss Grand Cambodia ចំនួន ២ លើកមកហើយ ប៉ុន្តែការបរាជ័យនោះមិនបានធ្វើឱ្យនាងបាក់ទឹកចិត្តឡើយ ផ្ទុយទៅវិញនាងបែរជាជោគជ័យខ្លាំងក្នុងអាជីពសម្តែង ជាក់ស្តែងថ្មីៗនេះនាងទទួលថតរឿងថ្មីៗជាច្រើនទាំងរឿងភាគ និងរឿងដុំក្នុងតំណែងតួឯកដោយទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាអាជីពឡើយ ។ 

កញ្ញា ហេង កូស៊ីន បានប្រាប់ថា បន្ទាប់ពីបរាជ័យក្នុងការប្រកួត នាងបានងាកមកពង្រឹងអាជីពសម្តែងឡើងវិញ ពីព្រោះរយៈពេលជិត ៤ ខែហើយដែលនាងព្រលែងដៃក្នុងការងារសម្តែង ដើម្បីពង្រឹងសមត្ថភាពក្នុងការប្រកួតលើវិស័យបវរកញ្ញា ដោយនាងរំពឹងថា នឹងបានតំណែងល្អណាមួយ ប៉ុន្តែជាលទ្ធផល នាងមិនទទួលបានដូចអ្វីដែលខ្លួនប៉ងប្រាថ្នាឡើយ ។ នាងបានចាត់ទុកថា ការបរាជ័យនេះគឺជាបទពិសោធល្អមួយសម្រាប់នាងវិវឌ្ឍន៍ខ្លួននៅថ្ងៃមុខ ដើម្បីវិលត្រឡប់មកមកជាថ្មីម្តងទៀត ។ 

កញ្ញា ហេង កូស៊ីន មិនបានអាក់អន់ចិត្តឡើយនៅពេលដែលខ្លួនមិនអាចដណ្តើមមកុដណាមួយបាន ប៉ុន្តែនាងក៏មានសំណាងបានជាប់នៅក្នុង Top 10 ផងដែរ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះនាងចាប់ផ្តើមល្បីល្បាញបន្ថែមទៀត ។ 

កញ្ញា ហេង កូស៊ីន ក៏កំពុងលេចមុខក្នុងរឿងភាគ និង រឿងដុំ ជាច្រើន ដែលបានចាក់បញ្ចាំងទាំងនៅលើកញ្ចក់ទូរទស្សន៍ និង នៅរោងភាពយន្ត ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់នាងចាប់ផ្តើមលើ្បល្បាញថែមមួយកម្រិតទៀត ក្នុងនោះដែរនាងទទួលបានតម្លៃខ្លួនខ្ពស់ខុសពីមុនផងដែរ ។ 

ទន្ទឹមនិងការជោគជ័យលើវិថីសម្តែងនេះ ហេង កូស៊ីន ក៏មានបំណងនឹងវិលត្រឡប់មកប្រកួតជាថ្មីម្តងទៀតក្នុងវិស័យបវរកញ្ញា ពីព្រោះនាងចង់បានមកុដមួយទុកជាអនុស្សាវរីយ៍ ។ កញ្ញា ហេង កូស៊ីន បានប្រាប់ពីអារម្មណ៍របស់នាងថា នាងមិនអស់ចិត្តឡើយ នាងនឹងវិលត្រឡប់មកប្រកួតជាថ្មី បន្ទាប់ពីពង្រឹងសមត្ថភាពខ្លួនឱ្យកាន់តែខ្លាំងក្លាឡើង ៕