ប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ រីឯភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។ ការដាក់ចេញតួលេខនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាលើកទី៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំទាំង៣លើកនេះ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់ផងដែរ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារអាម៉េរិក។
អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមការអនុសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរជម្រាបថា នៅក្នុង២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយ ប្រសិនបើបូកនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕
អត្ថបទ៖ អក្ខរា