វិលវិញលើកនេះ ព្រះកាយច័ន្ទ ទារតម្លៃខ្លួនខ្ពស់ ដើម្បីសងជំងឺចិត្តខ្លួនឯងដែលបានចំណាយពេលជាង ១០ ឆ្នាំក្នុងសិល្បៈ 

តារាសម្តែង ព្រះកាយច័ន្ទ បានបាត់មុខពីឆាកសម្តែងអស់ពេលជាង ៣ ឆ្នាំហើយ ហើយទស្សនិកជនជាច្រើនគិតថា នាងនឹងមិនត្រឡប់មកសន្សំប្រាក់កាក់ល្អិតនេះឡើងវិញទេ ដោយឡែកថ្មីៗនេះស្រាប់តែ ព្រះកាយច័ន្ទ បានលេចមុខក្នុងរឿងភាគឡើងវិញ ដោយនាងបញ្ជាក់ប្រាប់ថា ការវិលត្រឡប់របស់នាងលើកនេះ គឺនាងមកក្នុងតម្លៃមួយដែលខ្ពស់ ដើម្បីសងជំងឺចិត្តខ្លួនឯង ដែលបានប្រលូកក្នុងវិស័យសម្តែងអស់ពេលជាង ១០ ឆ្នាំ ។ 

ប្រលូកក្នុងវិស័យសិល្បៈដំបូង ព្រះកាយច័ន្ទ ទទួលបានប្រាក់ចំណូលតិចតួចបំផុត ប៉ុន្តែនាងនៅតែប្រឹងប្រែងតស៊ូរហូតក្លាយទៅជាតារាសម្តែងល្បីល្បាញ និងមានគេស្គាល់ពេញប្រទេស ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះគឺស្របពេលដែលនាងល្បីល្បាញហើយ ស្រាប់តែនាងបានផ្អាកពីអាជីពសម្តែងទៅវិញ ដើម្បីបើកក្លឹបបង្រៀនរាំ ច្រៀង បង្ហាញម៉ូដ និង សម្តែង ពីព្រោះអាជីពនេះគឺជាក្តីស្រមៃរបស់នាង និងលោកឪពុកនាងកាលពីគាត់នៅរស់ ។ 

ថ្វីដ្បិតតែពេលនេះឪពុករបស់ ព្រះកាយច័ន្ទ បានចាកឆ្ងាយពីជីវិតនាង ប៉ុន្តែនាងនៅតែពង្រឹងក្លឹបបង្រៀននោះឱ្យកាន់តែល្បីល្បាញ និងមានកូនសិស្សច្រើនជាងពេលមុនទៅទៀត ។

ជួបជាមួយ ព្រះកាយច័ន្ទ កាលពីពេលថ្មីៗនេះ នាងបានឱ្យដឹងថា នាងទើបតែថតរឿងភាគថ្មីឱ្យទូរទស្សន៍មួយដែលមានចំណងជើងថា « ស្នេហា Cover » ដោយទទួលបានតម្លៃខ្លួនខ្ពស់គួរសម ។ រឿងថ្មីនេះនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះនាងចាប់ផ្តើមល្បីល្បាញឡើងវិញ ក្រោយពីអាក់ខានក្នុងវិស័យសម្តែងអស់ពេលជាង ៣ ឆ្នាំ ។  

ជុំវិញនិងការវិលត្រឡប់មកវិញនេះ ព្រះកាយច័ន្ទ ក៏បានទទួលស្គាល់ផងដែរថា មូលហេតុដែលនាងមិនទទួលថតរឿងនាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺដោយសារចចាររឿងតម្លៃខ្លួនមិនត្រូវគ្នា ។ កន្លងមកនាងមិនដែលប្រកាន់រឿងតម្លៃខ្លួនទេ ប៉ុន្តែជាង ១០ ឆ្នាំក្នុងសិល្បៈគឺនាងបានចំណាយធនធានផ្ទាល់ខ្លួនអស់ច្រើនណាស់ ទាំងពេលវេលា ទាំងកម្លាំងកាយ កម្លាំងចិត្ត និង ប្រាក់កាស ដូច្នេះដល់ពេលមួយដែលនាងត្រូវទទួលបានតម្លៃនោះមកវិញហើយ ប្រសិនបើមិនទទួលបានតម្លៃខ្លួនខ្ពស់ដូចអ្វីដែលខ្លួនចង់បានទេ គឺនាងមិនទទួលថតឡើយ ៕