រដ្ឋមន្ត្រីមហាផ្ទៃ៖ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ពុំមានសិទ្ធិឃាត់យានយន្ត ហើយឯកសណ្ឋានត្រូវខុសពីនគរបាលចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ស្នើឱ្យពិនិត្យ និងសិក្សាលើឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គឺមិនត្រូវដូចនគរបាលចរាចរណ៍នោះទេ ហើយមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាក៏ពុំមានសិទ្ធិឃាត់យានយន្តដើម្បីផាកពិន័យដែរ។ លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីមហាផ្ទៃ ត្រូវបានផ្សព្វផ្សាយដោយផេកហ្វេសប៊ុកផ្លូវការក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

កន្លងទៅ មានការមិនពេញពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះឥរិយាបថរបស់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា ដែលចេញធ្វេីការឃាត់ម្ចាស់រថយន្តដោយប្រើកាយវិការ និងពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់។ មន្ត្រីជំនាញធ្លាប់បានបញ្ជាក់ថា មន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតែប៉ុណ្ណោះ៕

អត្ថបទ៖ អក្ខរា