បណ្តាមេដឹកនាំពិភពលោក បន្តផ្ញើសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា

គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាមេដឹកនាំពិភពលោកនៅតែបន្តផ្ញើសារមកចូលរួមអបអរ​សាទរ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ ពោលគឺចាប់តាំងពីបានចូលកាន់ តំណែងជានាយក​រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា កាលពីថ្ងៃទី២២ ខែសីហាមក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលសារអបអរសាទរជាបន្តបន្ទាប់។

នៅថ្ងៃនេះ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន បានផ្ញើសារលិខិត​​មួយចូលរួមអបអរសាទរ ជូនឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្នុងសារលិខិត ឯកឧត្តម ចូកូ វីដូដូ រំពឹងថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងឥណ្ឌូនេស៊ី កាន់តែពង្រឹងពង្រីក ក្រោមអាណត្តិដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។

ទន្ទឹមនេះ ប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអញ្ជើញឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងជំទាវទី១របស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០២៣ រួមទាំងវេទិកាអាស៊ាន-ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងហ្សាកាតា ចាប់ពីថ្ងៃទី៥-៦ ខែកញ្ញា ឆ្នាំ២០​២៣ផងដែរ។

ក្រៅពីសារលិខិតរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី, កាលពីថ្ងៃទី០១ ខែកញ្ញា ក៏មានសារលិខិតអបអរសាទរពីសំណាក់​ឯក​ឧត្តម អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ដ្រាលី ជូនឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន ម៉ាណែត ក្នុងឱកាសដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ជាមួយគ្នានេះដែរ នៅមានសារលិខិតអបអរសាទរជាបន្តបន្ទាប់គ្នាពីមេដឹកនាំពិភពលោកជាមិត្តរបស់កម្ពុជាជាច្រើនទៀតជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដូចជា៖ ឯកឧត្តម អ៉ីរ៉ាក់លី ហ្ការីបាសវីលី (Irakli Garibashvili) នាយ​ក​​រដ្ឋមន្ត្រី នៃប្រទេសហ្សកហ្ស៊ី, លោកជំទាវ អែនណា ប្រណាប៊ីក (Ana Brnabić) នាយករដ្ឋមន្រ្តីស៊ែបី, ឯកឧត្តម សាវើ បេថែល (Xavier Bettel) នាយករដ្ឋមន្រ្តីប្រទេសលុចសំបួ, ឯកឧត្តម ម៉ាក រូតេ (Mark Rutte) នាយករដ្ឋមន្រ្តី​ហូឡង់, ព្រះអង្គម្ចាស់ Mohammed bin Salman bin Abdulaziz Al Saud រាជទាយាទ និងជានាយករដ្ឋមន្រ្តី ព្រះរាជា​ណាចក្រអារ៉ាប៊ីសាអូឌីត, លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប, ឯកឧត្តម Susumu Tai កុងស៊ុលកិត្តិ​យស ទីក្រុងSendai ប្រទេសជប៉ុន, ឯកឧត្តម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌា, ឯកឧត្តម វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន, ឯកឧត្ដម មីឃែល មីហ្សូស្ទីន (Mikhail MISHUSTIN) នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី , ឯកឧត្ដម ជេ រ៉ាម៉ុះ ហតតា (J.Ramos-Horta) ប្រធានា​ធិ​បតីទីម័រខាងកើត, លោក ម៉ាសាត្យូគូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , ឯកឧត្ដម ផាន វ៉ាន ម៉ៃ (Phan Van Mai) ប្រធានគណៈកម្មាធិការប្រជាជនហូជីមិញ, ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ, ឯកឧត្តម យួន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង), ឯកឧត្តម មីហ្គែល ឌីអាស-កាណែល ប៊ឺមូដេស (Miguel Díaz-Canel) ប្រធានាធិបតីគុយបា, ឯកឧត្តម វិចទ័រ អ័របាន (Viktor Orbán) នាយករដ្ឋមន្ត្រីប្រទេសហុង​គ្រី, ឯកឧត្តម អាម៉ែត ហាឆ៉ានី (Ahmed Hachani) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋទុយនីស៊ី, ឯកឧត្តម ណាណា អាដដូ ដាន​ក្វា អាគូហ្វូ-អាដដូ (Nana Addo Dankwa Akufo-Addo) ប្រធានាធិបតីនៃសាធារណរដ្ឋហ្គាណា, ឯកឧត្តម រូមេន ហ្គូឡូវឈីនកូ (Roman Golovchenko) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបេឡារុស, ព្រះចៅស៊ុលតង់ ហាជី ហាសសាណាស់ ប៊ុលគីយ៉ាស់ (Sultan Haji Hassanal Bolkiah) ព្រះមហាក្សត្រនៃប្រទេសព្រុយណេ, ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, ឯកឧត្តម អ៉ីប្រាហ៊ីម ម៉ូហា​ម៉េដ​ សូលី (Ibrahim Mohamed Solih) ប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ, ឯកឧត្តម លី ឈាង (Li Qiang) នាយ​ក​រដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសឹង្ហបុរី, ឯក​​ឧត្តម ប្រាយុទ្ធ ច័ន្ទ អូឆា (Prayut Chan-O-Cha) នាយករដ្ឋមន្ត្រីផុតអាណត្តិនៃព្រះរាជាណាចក្រថៃ និងនាយករដ្ឋមន្រ្តីថ្មីរបស់ថៃ, លោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លា​ដែស, ឯកឧត្តម ហ្វូមីអុ គីស៉ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម គីម តុកហ៊ុន (Kim Tok Hun) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ, ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ល៕

អត្ថបទ៖ អក្ខរា