ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការនាំយកសិល្បៈខ្មែរក្នុងឈុតអប្សរា រាំបង្ហាញពិភពលោកនៅភ្នំទឹកកកប្រទេស New Zealand

“សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand”។ នេះជាសាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើបណ្ដាញទំនាក់ទំនងសង្គមរបស់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។

នាពេលថ្មីៗនេះ មានវីដេអូមួយ កំពុងតែទាក់ទាញ់ចំណាប់អារម្មណ៍របស់មហាជន ជាមួយនឹងនារីរបាំ ដែលត្រូវបានគេស្គាល់គណនីហ្វេសប៊ុក Kon Ant មានឈ្មោះពិតថា សុគា គីមលាង ដែលអ្នក ប្រាកដជាស្គាល់នាងតាមរយៈតួអង្គព្រះថោង កាលពីព្រឹត្តិការណ៍ស៊ីហ្គេមកន្លងទៅនេះ។

ក្នុងវីដេអូរយៈពេល 1:30 វិនាទី Kon Ant បានរាំពត់ពែនក្នុងឈុតអប្សរា នៅលើភ្នំទឹកកកប្រទេស New Zealand ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Kon Ant បានលើកឡើងថា នេះគឺជាលើកទី១របស់នាងដែលគ្រងឈុតអប្សរាអង្គរខ្មែរហើយរាំនៅលើភ្នំទឹកកកប្រទេសនូវែលហ្សេឡង់។

ភ្ជាប់ជាមួយវីដេអូនោះរូបនាង បានបង្ហាញអារម្មណ៍មោទនភាព និងបានរៀបរាប់ឡើងថា «ពូជខ្មែរមានពូជពង្ស រុងរឿងគង់វង្ស នៃជាតិខេមរា សម្បត្តិវប្បធម៌ល្អសែនអស្ចារ្យ ល្បីសព្វលោកា សកលស្ញប់ស្ញែងពួកយេីង ពិតជាមានមោទនភាពខ្លាំងណាស់ ដែលនាំយកឈុតអប្សរាអង្គរកម្ពុជាមករាំនៅលេីភ្នំទឹកកកនៃប្រទេស New Zealand ដែលជាលេីកទី១ របស់ពួកយេីងខ្ញុំ ។ we are proud to be Cambodia»៕

អត្ថបទ៖ អក្ខរា