សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សម្តេចតេជោ ក៏សូមជូនពរឱ្យឯកឧត្តម ជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ។ នេះបើតាមសារលើបណ្តាញសង្គមសម្តេចតេជោ នៅល្ងាចថ្ងៃទី១ ខែកញ្ញានេះ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តុលាការកំពូលថៃ បានកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីដែលអស់អំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ២០០៦ ឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ បន្ទាប់ពីបានវិលត្រឡប់មកដល់ប្រទេសកំណើត ដោយបញ្ចប់ការនិរទេសខ្លួននៅក្រៅប្រទេសរយៈពេល១៥ឆ្នាំ។ ការជាប់ពន្ធនាគារគ្របដណ្តប់លើករណីចំនួន ៣ផ្សេងគ្នា គឺ ១. បទរំលោភអំណាច និងបទក្លែងបន្លំ ២.ការបញ្ជាឱ្យធនាគារគ្រប់គ្រងដោយរដ្ឋដោយខុសច្បាប់ឱ្យចេញប្រាក់កម្ចីបរទេស និង៣. ការកាន់កាប់ភាគហ៊ុនដោយខុសច្បាប់តាមរយៈអ្នកតែងតាំង។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានបញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីបានវិលត្រឡប់មកប្រទេសថៃវិញ។ ពេលកំពុងជាប់ពន្ធនាគារ លោកបានស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីបែកធ្លាយពាក្យចចាមអារ៉ាមអំពីកិច្ចព្រមព្រៀងមួយសម្រាប់ការបន្ធូរបន្ថយទោសរូបលោកក្រោយត្រឡប់ចូលមកប្រទេសថៃវិញ។
គួររំលេចថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅពេលវិលត្រឡប់មកកាន់មាតុប្រទេសកំណើតរបស់លោកវិញតាមយន្តហោះពិសេសឯកជន នៅព្រលានយន្តហោះដនមឿង នៅម៉ោង ៩ ព្រឹក មានអ្នកគាំទ្រលោកជាច្រើនកុះករបានរង់ចាំស្វាគមន៍នៅក្រៅអាកាសយានដ្ឋាន។ នៅពេលមកដល់ព្រលានយន្តហោះ លោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយសំណាក់ក្រុមគ្រួសាររបស់លោក ហើយសកម្មភាពសាធារណៈលើកដំបូងរបស់លោក ថាក់ស៊ីន គឺការក្រាបថ្វាយបង្គំនៅចំពោះមុខរូបព្រះមហាក្សត្រនៅអាកាសយានដ្ឋានថៃ មុនពេលត្រូវបាននាំខ្លួនមកទទួលទោសនៅតុលាការកំពូល៕
អត្ថបទ៖ អក្ខរា