បន្ទាប់ពីរួបរួមគ្នាចងសម្ព័ន្ធរវាងលោក ញឹក ប៊ុនឆៃ និងលោក យ៉ែម បុញ្ញឫទ្ធិ ក្នុងការដឹកនាំគណបក្សខ្មែររួបរួមជាតិ ដើម្បីប្រកួតប្រជែងដណ្តើមកៅអីរដ្ឋសភានីតិកាលទី៧ មិនបានសូម្បីមួយកៅអីនោះ ឥឡូវនេះលោក យ៉ែម បុញ្ញឫទ្ធិ បានប្រកាសលាលែងពីតួនាទីទាំងអស់ និងសមាជិកភាពរបស់គណបក្សខ្មែររួបរួមជាតិ។
សារអេឡិកត្រូនិក និងលិខិតរបស់លោក យ៉ែម បុញ្ញឫទ្ធិ ផ្ញេីជូនលោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ នៅថ្ងៃសុក្រ ទី១ ខែកញ្ញានេះ លោក យ៉ែម បុញ្ញឫទ្ធិ បាននិយាយថា «ដូចអ្វីដែលខ្ញុំបានសន្យា ខ្ញុំសូមគោរពផ្ញេីជូន ឯកឧត្ដមប្រធាននូវលិខិតលាលែងរបស់ខ្ញុំ»។
លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា វីរភាពតស៊ូ ការលះបង់គ្រប់បែបយ៉ាងរបស់ លោក ញឹក ប៊ុនឆៃ ដេីម្បីផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ស្ថិតនៅក្នុងការចងចាំរបស់លោកដោយក្ដីគោរពកោតសរសេីរបំផុត។
សូមជម្រាបជូនថា ក្រោយការបោះឆ្នោតបានប៉ុន្មានថ្ងៃ លោក យ៉ែម បុញ្ញឫទ្ធិ បានបង្ហោះសារលើបណ្តាញសង្គមផ្ទាល់ខ្លួនថា យោងតាមលទ្ធផលបឋមនៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រកាសដោយ គជប គឺគណបក្សខ្មែររួបរួមជាតិ ពុំទាន់ទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡេីយទេ។
លោកបន្តថា គណបក្សខ្មែររួបរួមជាតិ នឹងខិតខំព្យាយាមតស៊ូក្នុងវិស័យនយោបាយបន្តទៀត ដេីម្បីបុព្វហេតុកម្ពុជា និងប្រជាពលរដ្ឋ ជាចម្បងទី១៕