ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលថ្មី ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋ និងពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា អត់នៅដេកអេះពោះឲ្យប្រជាពលរដ្ឋលំបាករងចាំនោះទេ មកជួយ ហើយផ្តល់ដំណឹងផ្ទាល់ជូនប្រជាពលរដ្ឋតែម្តង។ ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករ និយោជិក នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣។
ឯកឧត្តមនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖ “ក្រុមថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី ខ្ញុំចាំស្តាប់មើលថាធ្វើអីខ្លះឲ្យខ្ញុំ កាលឃោសនានិយាយពិរោះណាស់ តិចក្រោយឃោសនាអត់ធ្វើអី អត់ទេធ្វើ ហើយមានកន្លែងខ្លះធ្វើបន្ទាន់ ធ្វើឲ្យលឿនទៀត អត់ចាំដល់ឆ្នាំ២០២៤ទេ។ នៅប្រទេសគេមានរដូវកាលសំរាកលំហែកាយ ៣ខែ តែគណបក្សប្រជាជនកម្ពុជា ដែលឈ្នះ អត់យកពេលដល់ ៣ខែទេ គឺនៅថ្ងៃទីមួយតែម្តងនៅសភា ចេញគោលនយោបាយឲ្យអង្គសភាបានលឺ ហើយពីរថ្ងៃក្រោយមកប្រជុំដាក់គោលការណ៍ចេញអាទិភាព ដែលមកដល់ពេលរាជរដ្ឋាភិបាលកើតទើបបាន១អាទិត្យ តែគោលនយោបាយ និងការអនុត្តយើងបានចេញហើយ”។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយ ដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចុះជួបជាមួយបងប្អូនកម្មករ និយោជិតក្នុងឋានៈជានាយករដ្ឋមន្ត្រី ហើយសម្រាប់ក្រុងតាខ្មៅនេះ គឺជាលើកដំបូង ដែលបានមកជួបបងប្អូនសមាជិកកម្មករ និយោជិត ចំនួន ១៨,២៨៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ក្នុងនោះរោងចក្រកាត់ដែរចំនួន ៨, ផលិតស្បែកជើងចំនួន ១, តម្បាញចំនួន ២ និងបោកគក់សម្លៀកបំពាក់ចំនួន ៣៕
អត្ថបទ៖ អក្ខរា