ដើម្បីឈោងចាប់អាជីពសម្តែងឱ្យរឹងមាំ តារាសម្តែង ខ្លឹម ស្រីគា ប្រឹងសម្រកគីឡូរហូតបានសម្រេច ក្នុងរយៈពេលមួយខែកន្លះ នាងស្រករហូតដល់ទី ១៤ គីឡូក្រាម ដោយនាងប្រើរូបមន្តងាយៗ និងចំណាយថវិការអស់តិចបំផុត ។
ក្នុងចន្លោះពេលដែល ខ្លឹម ស្រីគា ឡើងគីឡូខ្លាំង គឺនាងបានបាត់បង់ទីផ្សារការងារអស់ មិនថាការសម្តែង បង្ហាញម៉ូដ ឬ ថតផ្សាយពាណិជ្ជកម្មនានា សូម្បីតែរឿងស្នេហាក៏គ្មានពន្លឺដែរ… ដូច្នេះហើយទើបធ្វើឱ្យ ខ្លឹម ស្រីគា តាំងចិត្តសម្រកគីឡូ ដើម្បីបានរាងស្អាតមកវិញ ។
ជួបជាមួយ ខ្លឹម ស្រីគា កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា ត្រឹមតែមួយខែកន្លះ នាងបានស្រកទម្ងន់រហូតដល់ទៅ ១៤ គីឡូក្រាម ក្រោយពីនាងអនុវត្តន៍គោលការសំខាន់ពីរ ដោយមិនចំណាយអស់ថវិការច្រើនឡើយ ទី ១ គឺការតមអាហារ និង ញុំាតែអាហារសុខភាព ដូចជាបន្លែ ផ្លែឈើ និងទី ២ គឺផ្អាកការជួបជុំផឹកស៊ី ។
ក្រោយពីទទួលបានជោគជ័យក្នុងការសម្រកគីឡូ បានធ្វើឱ្យ ខ្លឹម ស្រីគា មានទីផ្សារសិល្បៈឡើងវិញ ជាក់ស្តែងថ្មីៗនេះនាងទទួលថតរឿងថ្មីៗជាបន្តបន្ទាប់ដើម្បីដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ ។ ខ្លឹម ស្រីគា បានទទួលស្គាល់ផងដែរថា តាំងនាងពីស្រកគីឡូមក ការងារក៏ច្រើន ប្រាក់ចំណូលក៏ខ្ពស់ ហើយនាងកាន់តែជឿជាក់លើខ្លួនឯង ក្នុងការស្លៀកពាក់ និងបង្ហាញមុខក្នុងកម្មវិធីធំៗដោយមិនមានការខ្មាស់អៀនដូចពេលមុន ជាពិសេសគឺរឿងស្នេហាតែម្តង គឺអាចនិយាយបានពេលនេះនាងជោគជ័យ ៥០ ភាគរយហើយ ។
ឆ្នាំនេះ ខ្លឹម ស្រីគា មានវ័យ ២៥ ឆ្នាំហើយសម្រាប់រឿងរៀបការនាងនឹងបង្ហាញប្រាប់ក្នុងពេលឆាប់ៗនេះ ៕