ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១.០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។
លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។ ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។
តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា ករណីនេះ ពុំមែនបណ្ដាលមកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ជូនផងដែរថា ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញាណបុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការតាមច្បាប់និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ៕
អត្ថបទ៖ អក្ខរា