រដ្ឋសភានៃកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ៨៧រូប។
របៀបវារៈ នៃការបន្តសម័យប្រជុំលើកទី១ នីតិកាលទី៧ នាឱកាសនេះ មានចំនួន២ គឺ៖ ១-ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង ២-ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។
ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ បានឲ្យដឹងថា លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានអានសេចក្ដីប្រកាសរបស់រដ្ឋសភា ទទួលស្គាល់សុពលភាព តំណាងរាស្ត្រថ្មីទាំង ២៩រូប។អង្គសភាបានធ្វើការបោះឆ្នោតជ្រើសតាំង ឯកឧត្ដម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយ រដ្ឋសភា នីតិកាលទី៧ ដោយទទួលបានសន្លឹកឆ្នោតយល់ព្រមចំនួន ៨៧សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល៕
អត្ថបទ៖ អក្ខរា