ឯកឧត្តម Justin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរយ៉ាងក្រៃលែងចំពោះភាពជោគជ័យនៃការរៀបចំរាជរដ្ឋាភិបាលនីតិកាលថ្មី និងអបអរសារទរ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់មុខតំណែងដ៏ឧត្តុង្គឧត្តម ក្នុងមានជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ដោយមើលឃើញពីសក្តានុពលនៃការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី ជាមួយនឹងកម្មវិធីនយោបាយ គោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តច្បាស់លាស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី បានបង្ហាញនូវឆន្ទៈសុទិដ្ឋិនិយម ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងបែបនេះ ក្នុងការប្រកាសបើកជាផ្លូវការសិក្ខាសាលាពិគ្រោះយោបល់លើ “បទដ្ឋានឌីហ្សាញកម្រាលផ្លូវ” ក្រោមវត្តមាន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសសម្រាប់អ្នកជំនាញ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលធ្លាប់បានធ្វើ និងបទពិសោធន៍កន្លងមកលើការងារឌីហ្សាញ និងការសាងសង់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីបានជាធាតុចូលសំខាន់ៗ នៅក្នុងការឌីហ្សាញកម្រាលផ្លូវ សម្រាប់ជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យឆ្លើយតបទៅនឹងការកើនឡើងនៃទំហំចរាចរណ៍ និងដើម្បីបង្កើនភាពធន់ ឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
តាមរយៈ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលមានវត្ដមាននៅទីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសំណូមពរដល់រដ្ឋាភិបាលអូស្ត្រាលី បន្តការគាំទ្រ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ អនាម័យទីក្រុង និងឯកសារស្ដង់ដារបច្ចេកទេសនានា ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ន និងដើម្បីលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្នសម្រាប់កម្ពុជា៕