នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល អត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែង ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ជាអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារទី២៩ ខែសីហាម្សិលមិញ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ត្រូវចងចាំថា ការទទួលបាននូវភារកិច្ចតួនាទីរបស់ខ្លួន សុទ្ធសឹងតែជាការទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំ ពីជំនានមុន រហូតដល់បច្ចុប្បន្ន ដូចនេះ ត្រូវបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍អគ្គស្នងការ បានសង្កត់ធ្ងន់ថា ការបំពេញភារកិច្ចនេះ ត្រូវធ្វើទៅតាមច្បាប់ មិនត្រូវធ្វើអ្វីដែលខុស ដើម្បីផលប្រយោជន៍ខ្លួន ប៉ះពាល់ប្រយោជន៍របស់ប្រជាពលរដ្ឋ និងធ្វើឲ្យអាប់អោនដល់កិត្តិយសរបស់ថ្នាក់ដឹកនាំ នៅក្នុងអាណត្តិថ្មី និងធ្វើឲ្យមានការរិះគន់ពីមហាជន។
លោកបានបន្ថែមថា ចំពោះការបម្រើសេវាជូនប្រជាពលរដ្ឋ គឺនៅតាមប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវមានកម្លាំងនៅប្រចាំការ មិនមែនពេលមានពលរដ្ឋទៅដាក់ពាក្យបណ្ដឹងគ្មានអ្នកចាំទទួលបណ្ដឹង ធ្វើឲ្យពួកគេពិបាកក្នុងការសុំអន្តរាគមន៍ពីសមត្ថកិច្ចនៅពេលមានកើតហេតុណាមួយ។ មួយវិញទៀតប្រព័ន្ធ Hot Line ត្រូវមានអ្នកប្រចាំការ ២៤ម៉ោងលើ២៤ ដើម្បីលើកទូរស័ព្ទឆ្លើយតបការសុំអន្តរាគមន៍ពីប្រជាពលរដ្ឋ។
នាយកឧត្តមសេនីយ៍ ស ថេត បន្តទៀតថា កម្លាំងនគរបាលនៅគ្រប់រាជធានីខេត្ត ត្រូវខិតខំទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដែលកើតឡើងនៅតាមមូលដ្ឋាន ដូចជាបញ្ហាចោរកម្ម ក្មេងទំនើង និងបញ្ហាគ្រឿងញៀនជាដើម ដើម្បីកុំឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋ ហើយកុំឲ្យបទល្មើសទាំងអស់នោះក្លាយជាជំងឺរ៉ាំរ៉ៃ៕