ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។ ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។
សេចក្តីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៩ ខែសីហានេះ បានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. បានបដិសេធនូវការផ្តល់អនុសាសន៍របស់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ចំនួន ២២រូប ដែលបានស្នើឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន។
ក.ប.ទ. សូមទទួលយកនិងអបអរសាទរ ចំពោះការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុន Meta Platfoms Inc.។ ក.ប.ទ. ចាត់ទុកការសម្រេចនេះ គឺបញ្ជាក់អំពីសុចរិតភាពនៃការផ្សព្វផ្សាយមាតិកាព័ត៌មានលើគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន។
ទន្ទឹមនេះ ក.ប.ទ. សូមស្វាគមន៍ចំពោះតំណាងក្រុមហ៊ុន Meta Platforms Inc. ដើម្បីបន្តបំពេញការងារនៅកម្ពុជា តទៅទៀត។ ក.ប.ទ. មិនស្វាគមន៍ចំពោះបុគ្គលទាំង ២២រូប ជាសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platfoms Inc. ដែលបានផ្ដល់អនុសាសន៍ដ៏អាក្រក់មានចរិតនយោបាយ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕
អត្ថបទ៖ អក្ខរា