សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ នេះ បានអនុញ្ញាតឲ្យឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ មកកាន់ប្រទេសកម្ពុជា ហើយដែលដំណើរទស្សនកិច្ចនេះនិងជួយជំរុញទំនាក់ទំនងថែមទៀត នៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា សម្តេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅប្រទេសទីម៉រខាងកើត ដែលជាមេដឹកនាំអាស៊ានម្នាក់គត់បានទៅដល់ប្រទេសទីម៉រខាងកើត ដើម្បីជំរុញការចូលជាសមាជិករបស់ទីម៉រខាងកើត ទៅក្នុងសហគមន៍អាស៊ាន និងលើកកម្ពស់ទំនាក់ទំនង នៃប្រទេសទាំងពីរកម្ពុជា ទីម៉រខាងកើត។
សម្តេចបន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីម៉រខាងកើត កាលពីពេលកន្លងទៅ គឺមិនមែនជាការចែដន្យទេ តែជាការបង្ហាញពីសាមគ្គីភាព ក៏ដូចជាការរំលឹកឲ្យបណ្តាប្រទេសអាស៊ាន គិតគូតពីការស្នើសុំចូលជាសមាជិកអាស៊ាន ពីសំណាក់ប្រទេសទីម៉រខាងកើត។ សម្តេចបន្តថា ទីម៉រខាងកើតបានត្រៀមលក្ខណៈចូលជាសមាជិកអាស៊ានតាំងពីឆ្នាំ២០១១ ទើបរហូតមកដល់ឆ្នាំ២០២២កន្លងមកនេះ ទីម៉រខាងកើត ទើបបានទទួលស្គាល់ជាសមាជិកអ្នកសង្កេតការណ៍របស់អាស៊ាន ហើយនិងអាចចូលរួមប្រជុំនៅគ្រប់វេទិការបស់អាស៊ាន។
សម្តេចតេជោក៏បានរំលឹកពីដំណើរការ នៃការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដែលការប្រព្រឹត្តទៅនេះ គឺដើម្បីធានានូវស្ថេរភាព និរន្តរភាពនៃការបន្តវេនតាមលក្ខណៈប្រជាធិបតេយ្យ និងជាការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តនូវអ្វីដែលមានកន្លងមក និងបន្តអភិវឌ្ឍប្រទេសតទៅមុខទៀត៕