រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដាក់ចេញនូវកញ្ចប់ថវិកាជាក់លាក់ ដើម្បីជួយដល់វិស័យកសិកម្ម។ នេះបើតាមការឲ្យដឹងពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលជួបកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។
“យើងចេញនូវកម្មវិធីជាក់លាក់ យើងត្រៀមថវិកា ១០០លានដុល្លារអាមេរិក ដើម្បីអន្តរាគមន៍កសិកផល ផលិតកសិកម្ម ដូចជាស្រូវអង្ករ បន្លែបង្ការផ្សេងៗ តាមកម្មវិធីចាំបាច់របស់រាជរដ្ឋាភិបាល”។ ឯកឧត្តមបានបញ្ជាក់ កសិកផលស្រូវឆ្នាំនេះល្អ ប៉ុន្តែនៅពេលលំបាក តម្លៃធ្លាក់ចុះ រដ្ឋនឹងជួយ ដើម្បីទប់ ឬរកទីផ្សារ។ រីឯបញ្ហាខ្វះធារាសាស្ត្រ ខ្វះអ្នកជំនាញក៏រដ្ឋនឹងជួយអន្តរាគមន៍ផងដែរ។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសិកម្ម ឲ្យធ្វើការជ្រើសរើសមន្ត្រីកសិកម្មបម្រើការងារតាមមូលដ្ឋាន ត្រូវឈរលើគោលការណ៍តម្លាភាព យុត្តិធម៌ និងអនុវត្តន៍ឱ្យមានប្រសិទ្ធភាព៕
អត្ថបទ៖ អក្ខរា