នាយករដ្ឋមន្ត្រីកម្ពុជា ទទួលការរិះគន់ដើម្បីស្ថាបនា តែមិនឆ្លើយតបការវាយប្រហារបង្កើតរឿងអត់ប្រយោជន៍

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឯកឧត្តមគ្មានពេលឈ្លោះជាមួយក្រុមប្រឆាំងនោះឡើយ គឺមានតែពេលគិតគូរសុខទុក្ខប្រជាពលរដ្ឋ។ ឯកឧត្តមនាយករដ្ឋមន្ត្រីកម្ពុជា ក៏ប្រកាសទទួលការរិះគន់ដើម្បីស្ថាបនា តែការវាយប្រហារប្រឌិត លាបពណ៌ បង្កើតរឿងឥតប្រយោជន៍ គឺឯកឧត្តមមិនឆ្លើយតបនោះទេ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកលើងបែបនេះ ក្នុងពេលជួបកម្មករនិយោជិត​ជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឯកឧត្តមត្រូវផ្តោតអារម្មណ៍លើការដឹកនាំជាតិ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ នាំប្រយោជន៍ជូនប្រជាពលរដ្ឋ គឺគ្មានពេលឆ្លើយតបនឹងអ្នកវាយប្រហារឯកឧត្តមនោះឡើយ។ ឯកឧត្តបញ្ជាក់ថាទៀត ក្រុមដែលឯកឧត្តមបង្កើតមុនគេ គឺជាក្រុមព័ត៌មាន ដើម្បីប្រមូលព័ត៌មាននានាពីប្រជាពលរដ្ឋនូវទូទាំងប្រទេសដែលស្នើមក ដើម្បីដោះស្រាយរាល់សំណូមពរនានាជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីពាក្យ «រើសដុំថ្មគប់ឆ្កែ» គឺជាពាក្យរបស់អតីតនាយករដ្ឋមន្ត្រីអង់គ្លេស មិនមែនជាពាក្យរបស់ឯកឧត្តមនោះទេ ហើយមិនមានបំណងថាឲ្យអ្នកណាទេ គឺគេរើសយកដាក់ខ្លួនឯង។ ជាថ្មីទៀត ឯកឧត្តមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាគ្មានពេលឈ្លោះជាមួយអ្នកនយោបាយរត់ចោលស្រុកមួយចំនួននោះទេ ពេលវេលារបស់ខ្ញុំគឺទុកសម្រាប់ប្រទេសជាតិ និងប្រជាជន៕

អត្ថបទ៖ អក្ខរា