តារាសម្តែងនិងចម្រៀង ទូច ស្រីលក្ខណ៍ បានរស់នៅជាស្រ្តីមេម៉ាយកូនមួយឆ្នាំហើយ ហើយក៏ដល់ពេលវេលាដែលនាងបើកបេះដូងដើម្បីទទួលស្នេហាថ្មីផងដែរ ទូច ស្រីលក្ខណ៍ ថែមទាំងបានប្រកាសឱ្យដៃគូរបស់ខ្លួនប្រញាប់សារភាពស្នេហ៍នាងឆាប់ៗ ដើម្បីឱ្យនាងកាន់តែកក់ក្តៅចិត្ត ។
ចាប់តាំងពីលែងលះ និងរស់នៅជាស្រ្តីមេម៉ាយចិញ្ចឹមកូនប្រុសដោយផ្ទាល់ដៃ ទូច ស្រីលក្ខណ៍ កម្រនឹងបង្ហាញភាពស្និទ្ធស្នាលជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ប៉ុន្តែចាប់តាំងពីនាងពង្រឹងស្មារតីនិងចាក់ចេញពីវិប្បត្តិផ្លូវចិត្តអស់ពេលជាច្រើនឆ្នាំមកនេះ នាងបានបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយលោកគ្រូ ហាត់ប្រាណរូបសង្ហារម្នាក់ រហូតនាងបានក្លាយទៅជាគ្រូហាត់ប្រាណជាមួយគ្នាផងដែរ ។
មិនថាទស្សនិកជន ឬមិត្តភក្តិដែលស្និទ្ធស្នាលជាមួយ ទូច ស្រីលក្ខណ៍ នៅពេលដែលឃើញអ្នកទាំងពីរស្និទ្ធស្នាលនិងគ្នាខ្លាំងបែបនេះ ធ្វើឱ្យគ្រប់គ្នាគិតថា អ្នកទាំងពីរគឺជាគូស្នេហ៍និងគ្នាយ៉ាងពិតប្រាកដ ។
មកទល់ពេលនេះ ទូច ស្រីលក្ខណ៍ នៅតែមិនទាន់បង្ហាញការពិតពីទំនាក់ទំនងនាងនិងគ្រូហាត់ប្រាណ ដែលមានការស្និទ្ធស្នាលនិងគ្នាខ្លាំងហួសពីមិត្តភក្តិនោះទេ ជាក់ស្តែងជួបជាមួយនាងកាលពីពេលថ្មីៗនេះ នាងបានទទួលស្គាល់ថា នាងពិតជាស្និទ្ធស្នាលជាមួយលោកគ្រូហាត់ប្រាណនោះមែន ប៉ុន្តែទំនាក់ទំនង នោះគ្រាន់តែជាមិត្ត មិនទាន់មានអ្វីលើសពីនេះឡើយ ។
ថ្វីដ្បិតតែមិនទាន់បង្ហាញការពិត ប៉ុន្តែ ទូច ស្រីលក្ខណ៍ បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ប្រសិនបើលោកគ្រូហាត់ប្រាណ ហ៊ានសារភាពស្នេហ៍ចំពោះនាង នាងក៏រីករាយនិងទទួលយកផងដែរ ពីព្រោះតាំងពីស្គាល់គ្នាមក នាងមិនទាន់ទទួលបានពាក្យសារភាពស្នេហ៍ពីលោកគ្រូនៅឡើយទេ ។
ទូច ស្រីលក្ខណ៍ ថែមទាំងបាននិយាយទៀតថា កៀកថ្ងៃកំណើតរបស់នាងហើយ ប្រសិនបើចង់សារភាពស្នេហ៍ សូមប្រញាប់ឡើង ទាន់នាងបើកបេះដូង ៕