ស្រះស្រង់ ជាទីកន្លែងមួយដែលភ្ញៀវទេសចរ និយមមកទស្សនាទេសភាពដ៏ស្រស់ស្អាត ជាពិសេសប្រាសាទកណ្តាលស្រះស្រង់ ភូមិឋានប្រជាពលរដ្ឋដែលរស់នៅជុំវិញនោះ និងប្រាសាទបន្ទាយក្តី ដែលមានទីតាំងនៅក្បែរនោះផង។ ទន្ទឹមនឹងនេះ នៅពេលព្រឹកព្រលឹម និងពេលល្ងាច ស្រះស្រង់ក៏ជាកន្លែងដែលអាចគយគន់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច បានយ៉ាងស្រស់ស្អាត មិនចាញ់នៅប្រាសាទអង្គរវត្ត ឬភ្នំប្រាសាទបាខែងឡើយ។
លោក ម៉ៃ សុរៈភិរុណ ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទបន្ទាយក្តី និងស្រះស្រង់ បានឱ្យដឹងថានៅពេលព្រឹកព្រលឹម ពេលព្រះអាទិត្យចាប់ផ្តើមរះមក មើលទៅផ្ទៃមេឃ និងផ្ទៃទឹក បញ្ចេញពន្លឺព័ណ៌មាសយ៉ាងស្រស់បំព្រង អាចផ្តិចយករូបភាពទាំងនេះបាននៅបរិវេណកំពង់ទឹក និងរានហាល ភ្ជាប់ជាមួយរូបសត្វតោ ឈរបែរមុខទៅរកប្រាសាទកណ្តាលស្រះស្រង់ មើលទៅស្រស់ស្អាតគួរជាទីគយគន់។ ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច នៅស្រះស្រង់ អាចជាកន្លែងទទួលយកបទពិសោធន៍ថ្មីមួយទៀត មានភាពខុសប្លែកពីនៅប្រាសាទអង្គរវត្តឬប្រាសាទភ្នំបាខែង ដោយមិនចាំបាច់ប្រជ្រៀតជាមួយទេសចរដទៃទៀតឡើយ។
ស្រះស្រង់ មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិច នៃបារាយណ៍ខាងកើត។ មានបណ្តោយ៧៨០ម៉ែត្រ និងទទឹង៣៨០ម៉ែត្រ ត្រូវបានដូនតាខ្មែរជីកឡើង នៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧៕