មន្ត្រីបេតិកភណ្ឌ ចុះកំណត់ដែនបុរាណស្ថានចំនួន៥៥ ដើម្បឲ្យអាជ្ញាធរមូលដ្ឋានចូលរួមការពារ

ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យានៃអគ្គនាយកដ្ឋានបេតិកភណ្ឌ​ដឹកនាំដោយលោក ណៃ សុភា បានសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋានឃុំបារាយណ៍ និងប្រជាពលរដ្ឋរស់នៅជុំវិញបុរាណស្ថាន ចុះទៅផ្ទៀងផ្ទាត់និងកំណត់ដែនរក្សាការពារបុរាណស្ថានចំនួន៥៥ នៅក្នុងឃុំបារាយណ៍​ស្រុកស្រីសន្ធរ​ខេត្តកំពង់ចាម បានដោយជោគជ័យគួរជាទីមោទនភាព។

អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ក្នុងភូមិសាស្រ្តឃុំបារាយណ៍ ​បានបង្ហាញក្ដីសោមនស្សរីករាយ​និងថ្លែងអំណរគុណ​ដល់ក្រុមការងារចំពោះការងារដ៏ប្រពៃ​ និងមានសារៈសំខាន់​នេះ​ ដែលជួយឱ្យពួកគាត់បានស្គាល់ទីតាំងស្ថានីយទាំងអស់ច្បាស់ជាងមុន​មានការងាយស្រួលក្នុងការគ្រប់គ្រង​ល្បាត និងថែរក្សា​ជាពិសេសការចុះបញ្ជីដីធ្លីជាប្រព័ន្ធតែម្តង ក្នុងនោះដែរ​ បានសន្យានឹងចូលរួមថែរក្សាការពារទប់ស្កាត់ការពារលួចជីក​ឈូសឆាយស្ថានីយបុរាណក្នុងភូមិសាស្រ្តឃុំឱ្យខានតែបានចាប់ពីពេលនេះតទៅ៕