ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា គ្មានបេសសកកម្មបម្រើជាតិណាដែលផ្តល់កិត្តិយសខ្ពង់ខ្ពស់ និងធំធេង ជាងបេសកកម្មជាតំណាងរបស់ជាតិនៅលើឆាកអន្តរជាតិនោះឡើយ។ ប៉ុន្តទន្ទឹមនេះ ភារកិច្ច និងបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ក៏ជាការទទួលខុសត្រូវ និងបន្ទុកដ៏ធំធេង និងធ្ងន់ធ្ងរសម្រាប់ឯកឧត្តម ជាពិសេសគឺការបន្តវេនពី ឥស្សរជនប្រមុខការទូតឆ្នើមៗ និងស្របពេលដែលវិស័យការទូតកម្ពុជាកំពុងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងមានការទទួលស្គាល់នូវតួនាទីសំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ។ ការណ៍នេះ ជាកត្តាដែលតម្រូវឱ្យឯកឧត្តមត្រូវបន្តនិរន្តរភាព នៃមរតកការទូតដ៏ពិសិដ្ឋទាំងនេះ។
ឯកឧត្តមបន្តថា មរតកការទូតដ៏ថ្លៃថ្លាខាងលើ គឺកើតចេញពីការត្រួសត្រាយនូវមាគ៌ាការ សម្តេចតេជោ ហ៊ុន សែន ដែលទូតដំបូងពីសំណាក់ជាប្រមុខការទូតទីមួយរបស់កម្ពុជា ហើយត្រូវបានបន្តពង្រីកនិងពង្រឹង ដោយ ប្រមុខការទូតឆ្នើមចំនួន២រូប គឺឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា កេរ្តិ៍ដំណែលដ៏ពិសិដ្ឋ ក្នុងវិស័យការទូតកម្ពុជាបានចាប់ផ្តើមឡើងនៅពេលដែលសម្តេចតេជោ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស នៅខែមករា ឆ្នាំ ១៩៧៩ ក្នុងអាយុ ២៧ឆ្នាំ ដែលជារដ្ឋមន្ត្រីការបរទេសក្មេងជាងគេបំផុតក្នុងពិភពលោក។ សម្តេចចាប់ផ្តើមតំណែងជាប្រមុខការទូតដឹកនាំវិស័យការបរទេសកម្ពុជាចាប់តាំងពីចំណុចសូន្យ គ្មានរចនាសម្ព័ន្ធស្ថាប័នធនធានមនុស្ស សម្ភារៈ និងមធ្យោបាយ។ ក្រោមការដឹកនាំរបស់សម្តេច ក្រសួងបានលេចចេញជារូបរាង និងបន្តលូតលាស់ហើយ បានបម្រើការយ៉ាងសកម្ម និងមានប្រសិទ្ធិភាពក្នុងការកាពារប្រយោជន៍កម្ពុជា លើឆាកអន្តជាតិ។ បន្ទាប់ពីសម្ដេចទទួលបានការតែងតាំង ជានាយករដ្ឋមន្ត្រី នៅឆ្នាំ ១៩៨៥ សម្តេចតេជោ នៅតែជាអគ្គមគ្គុទេសក៍ដ៏ឆ្នើមបំផុត ជាប្រមុខការទូតកំពូលដ៏ឆ្នើមបំផុត ដែលមានចក្ខុវិស័យវែងឆ្ងាយ និងត្រឹមត្រូវបំផុតក្នុងការតម្រង់ទិស និងកំណត់មាគ៌ានយោបាយការបរទេសកម្ពុជាដែលបាននាំនាវាកម្ពុ ជាដល់ត្រើយសន្តិភាព បង្រួបបង្រួមជាតិ និងការអភិវឌ្ឍដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។
ឯកឧត្តម បានបន្ថែមទៀតថា “តាមបណ្តាប្រទេសនានា រដ្ឋមន្ត្រីការបរទេសតែងតែត្រូវបានចាត់ទុកជា ប្រមុខការទូត។ ពិតណាស់ការលើកឡើងនេះជាការត្រឹមត្រូវ ប៉ុន្តែ សម្តេចតេជោ ទោះពុំស្ថិតក្នុងមុខតំណែងជានាយករដ្ឋមន្ត្រី និងជា ប្រមុខរដ្ឋាភិបាលក៏ពិតមែន សម្រាប់រូបខ្ញុំ ខ្ញុំហ៊ាននិយាយថា សម្តេចតេជោ គឺនៅតែជាប្រមុខការទូតកំពូលដ៏ឆ្នើមបំផុតរបស់កម្ពុជាពិតប្រាកដែលមិនអាចប្រៀបផ្ទឹមបានឡើយ”៕
អត្ថបទ៖ អក្ខរា