កងទ័ពហ្វីលីពីន និងអូស្ត្រាលី កំពុងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រចិនខាងត្បូង

នាថ្ងៃទី២៥ ខែសីហានេះ កងទ័ពហ្វីលីពីន និងអូស្ត្រាលី បានរៀបចំធ្វើសមយុទ្ធយោធារួមគ្នា នៅសមុទ្រចិនខាងត្បូង ដែលចិនអះអាងថាជាកម្មសិទ្ធរបស់ខ្លួន។

យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មាន CNA បានបង្ហាញថា នៅក្នុងសមយុទ្ធយោធានោះ មានកងទ័ពអូស្ត្រាលីប្រហែល ១ ២០០នាក់ និងមានកងទ័ព​ហ្វីលីពីន ៥៦០នាក់ ប្រដាប់ដោយអាវុធ និងមានយានយន្តសម្រាប់ត្រៀមធ្វើសង្គ្រាមផង។

ជាមួយគ្នានោះ អូស្ត្រាលីក៏បានបញ្ជូនយន្តហោះចំបាំង F-35 ២គ្រឿង ក៏ដូចជានាវាចំបាំង បើកក្រឡឹងជុំវិញដែនសមុទ្រចិនខាងត្បូងថែមទៀត។

សូមជម្រាបដែរថា កន្លងមកចិន និងហ្វីលីពីន តែងតែលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជជែកវែកញែកមិនចេះចប់មិនចេះហើយ ខណៈវាក៏ជាហេតុផលបង្កឲ្យទំនាក់ទំនង​ប្រទេសទាំង២ មិនសូវជាល្អ និងជាហេតុធ្វើឲ្យហ្វីលីពីនងាកទៅបង្កើនទំនាក់ទំនងជាមួយ​អាមេរិក ជាជាងចិនផងដែរ៕