នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។
គណៈប្រតិភូអញ្ជើញអមដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
ក្នុងឱកាសចូលក្រាបថ្វាយបង្គំគាល់នោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុតថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានប្រោសព្រះរាជទានដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងគណៈប្រតិភូ ចូលក្រាបបង្គំគាល់ ដើម្បីទូលថ្វាយរបាយការណ៍ស្តីពីកិច្ចការដ៏មានសារៈសំខាន់ចំនួន ២ ចំពោះមុខ រួមមាន ៖
ទី១. ការរៀបចំធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៣។
ទី២. ការរៀបចំមហាសន្និបាតអាណត្តិទី៧ របស់កាកបាទក្រហមកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ៕