ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចយកពេលវេលាចុងសបា្តហ៍របស់ឯកឧត្តម ដើម្បីបង្ហាត់បង្រៀនមន្ត្រីទទួលបន្ទុកសរសេរអត្ថបទឱ្យបានយល់ដឹងបន្ថែមពីបច្ចេកទេសនៃការសរសេរអត្ថបទប្រកបដោយខ្លឹមសារ និងទាក់ទាញអ្នកអានអ្នកស្តាប់។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពេលចុះសាកសួរសុខទុក្ខ និងបង្ហាញខ្លួនជូនដល់បងប្អូនមន្ត្រីរាជការ នៅថ្ងៃទី១ នៃការចាប់ផ្តើមការងារនៅក្រសួងព័ត៌មាន។
គួរឲ្យដឹងថា មុនក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម ក៏មានកិច្ចការងារមួយទៀតគឺ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។
ឯកឧត្តម ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធនាយកកាសែតមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។
ឯកឧត្តមត្រូវបានគេទទួលស្គាល់ថា ជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមានភាពប៉ិនប្រសប់លើការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ៕
អត្ថបទ៖ អក្ខរា