ចាប់តាំងពីមានព័ត៌មានបែកបាក់ស្វាមីមក នៅ សូនីតា មិនដែលបង្ហោះរូបភាព ឬ និយាយពីស្វាមីរបស់ខ្លួនឡើយ ដោយឡែកប៉ុន្មានថ្ងៃនេះ នាងបានផ្ញើសារយ៉ាងកក់ក្តៅទៅកាន់ស្វាមីរបស់ខ្លួនក្នុងអំឡុងពេលដែលស្វាមីខ្លួនឡើងតំណែង ។
ប៉ុន្មានខែចុងក្រោយនេះចំណងអាពាហ៍ពិពាហ៍ នៅ សូនីតា មានការរង្គោះរង្គើរខ្លាំង ព្រោះតែបញ្ហាមួយចំនួន តែនាងព្យាយាមលាក់បាំងមិនចង់ឱ្យនរណាដឹងរឿងនេះទេ ប៉ុន្តែក្រោយមកនាងនិងស្វាមីក៏បានផ្សះផ្សាចំណងអាពាហ៍ពិពាហ៍នោះឡើងវិញ ដើម្បីបានរស់នៅជុំកូននិងគ្រួសារ ប៉ុន្តែអំឡុងពេលនោះ ទស្សនិកជន និងមិត្តភក្តិក្នុងសិល្បៈនៅពុំទាន់ជឿជាក់ថា នៅ សូនីតា និង ស្វាមី បានត្រូវរ៉ូវគ្នាមួយរយភាគរយនោះទេ ព្រោះជាញឹកញាប់ នៅ សូនីតា ទៅណាមកណាតែម្នាក់ឯងជាមួយកូនប្រុស ។
ទោះជាយ៉ាងនេះក្តីនៅថ្ងៃទី ២៣ ខែ សីហា នេះ នៅ សូនីតា បានបង្ហោះសារជូនពរស្វាមីខ្លួនឡើងតំណែងយ៉ាងកក់ក្តៅបំផុតក្នុងតំណែងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ។
នៅ សូនីតា ថែមទាំងបានហៅស្វាមីរបស់ខ្លួនពេញៗមាត់ សរបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងនាងនិងស្វាមី បានត្រូវគ្នាឡើងវិញហើយ ហើយអ្នកទាំងពីរកាន់តែស្រឡាញ់គ្នាជាងពេលមុន ។
បន្ទាប់ពីទំនាក់ទំនង នៅ សូនីតា និងស្វាមីកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ នៅ សូនីតា ក៏បានបង្ហាញនូវអារម្មណ៍រីករាយទៅកាន់មិត្តភក្តិជុំវិញខ្លួន ហើយសម្រស់នាងកាន់តែស្រស់ស្អាត មិនដូចកាលពីមួយរយៈពេលមុនទេ ។ នៅ សូនីតា ថែមទាំងត្រៀមខ្លួនដើម្បីទទួលការងារជាច្រើននៅក្នុងសិល្បៈឡើងវិញ ក្រោយបោះបង់ការងារនេះអស់ពេលយ៉ាងយូរ ៕