មិត្តភាព ពេជ្រ សោភា និង ឆន សុវណ្ណារាជ ត្រូវប្រេះស្រាំព្រោះរឿងក្មួយៗផ្តាច់ពាក្យ ? 

បន្ទាប់ពីក្មួយៗតារាចម្រៀង ពេជ្រ សោភា និង ឆន សុវណ្ណារាជ ប្រកាសផ្តាច់ពាក្យនិងគ្នាមក បានធ្វើឱ្យ ប៉ះពាល់ចំណងមិត្តភាពរវាងអ្នកទាំងពីរខ្លាំង រហូតមានព័ត៌មានថា តារាចម្រៀងទាំងពីរដួង ពិបាកមើលមុខគ្នា ហើយក៏មិនស្និទ្ធស្នាលគ្នាដូចមុនដែរ ។

កាលពីអំឡុងពាក់កណ្តាលខែសីហា កន្លងមកនេះ តារាចម្រៀង ពេជ្រ សោភា បានប្រកាសពីពិធីមង្គលការរបស់ក្មួយស្រីនាងនិងក្មួយប្រុសលោក ឆន សុវណ្ណារាជ ថានឹងត្រូវរៀបការនៅបំណាច់ឆ្នាំ ២០២៣ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង ពេជ្រ សោភា បែរជាប្រកាសជាថ្មីនិងក្តៅៗថា ក្មួយរបស់នាងបានផ្តាច់ពាក្យពីគូដណ្តឹងហើយ ព្រោះតែកំហុសដដែលៗដែលមិនអាចលើកលែងបាន ។ 

បន្ទាប់ពីឃើញ ពេជ្រ សោភា ប្រកាសផ្តាច់ពាក្យក្មួយរបស់ខ្លួនពីក្មួយលោក ឆន សុវណ្ណារាជ បានធ្វើឱ្យមហាជនជាច្រើនឆ្ងល់ថា បន្ទាប់ពីមានរឿងបែបនេះ តើទំនាក់ទំនងល្អរវាង ពេជ្រ សោភា និងលោក ឆន សុវណ្ណារាជ នៅអាចរក្សាបានដូចដើមឬយ៉ាងណា ? ដូចទស្សនិកជនឃើញស្រាប់ហើយថា រវាង ពេជ្រ សោភា និង លោក ឆន សុវណ្ណារាជ ពិតជាស្និទ្ធស្នាលនិងស្រឡាញ់គ្នាខ្លាំងមិនធម្មតា ជាពិសេសពេលម្នាក់ៗជួបការលំបាក ពួកគេតែងតែជួយគ្នាទៅវិញទៅមក ។ 

មកទល់ពេលនេះ ពេជ្រ សោភា នៅពុំទាន់បាននិយាយអ្វីជាមួយលោក ឆន សុវណ្ណារាជ ទេ បើទោះបីជាអ្នកទាំងពីរធ្វើការនៅកន្លែងតែមួយក្តី ។ ជួបជាមួយ ពេជ្រ សោភា កាលពីពេលថ្មីៗនេះ នាងសុំមិននិយាយអ្វីច្រើនទាក់ទងនិងរឿងក្មួយរបស់ខ្លួនឡើយ ពីព្រោះរឿងបានបញ្ចប់ទៅហើយ ចំណែកទំនាក់ទំនងនាងនិងលោក ឆន សុវណ្ណារាជ គឺនៅដូចដើម …។ 

ថ្វីដ្បិតតែ ពេជ្រ សោភា និយាយដូច្នេះក្តី តែតាមអ្នកស្និទ្ធជាមួយ ពេជ្រ សោភា បានលួចខ្សឹបប្រាប់ថា ទំនាក់ទំនង ពេជ្រ សោភា និងលោក ឆន សុវណ្ណារាជ មិនដូចដើមទេ អ្នកទាំងពីរនិយាយចុងមាត់ចុងក ទោះបីជាធ្វើការងាងរក្នុងកម្មវិធីរួមគ្នា ចប់ការងារដើរចេញ រៀងៗខ្លួន ៕