កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅទីតាំង ឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពីធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញនូវសម្ភារបំរើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជាសំបកពុយ សំបកធុង សំបកកេស សំបកដប តែមបិទស្ទ័គឃ័រ រូមនឹងឧបករណ៍សម្រាប់ច្រក ចំនួន០២ ព្រមទាំងប្រេងម៉ាស៊ីនច្រករួចប្រមាណជិត ៣០០កេស ដែលសរុបទាំងអស់ប្រមាណជាង ១២តោន ។
បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចអោយសមត្ថកិច្ច ធ្វើការដកហូតសម្ភារទាំងអស់ខាងលើ ដោយរក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារនៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការទីតាំងជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត ។ ចំពោះម្ចាស់ទីតាំង ០២រូប (ស្រី១ ប្រុស១) ត្រូវបានអញ្ជើញទៅបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្នើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។
គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុម Tilleke & Gibbins (Cambodia) Ltd. ដែលជាក្រុមហ៊ុនតំណាងឲ្យក្រុមហ៊ុន TotalEnergies និងបន្ទាប់ពីការស៊ើបអង្កេត ស្រាវជ្រាវរបស់សមត្ថកិច្ចអស់រយៈពេលប្រហែល ០២ខែមកហើយ ៕