មន្រ្តី ក.ប.ប. ចុះចាត់វិធានការទៅលើបណ្តឹងរបស់ក្រុមហ៊ុន តូយូតា ខេមបូឌា លើផលិតផលក្លែងបន្លំម៉ាកសញ្ញាខុសច្បាប់

រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មន្រ្តីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ”ក.ប.ប.” បានចុះត្រួតពិនិត្យនិងបង្រ្កាបទៅលើផលិតផលក្លែងបន្លំ ក្លែងក្លាយ បំពានសិទ្ធិផ្តាច់មុខ និងខុសច្បាប់ ដែលពាក់ម៉ាកតូយូតា ពុំមានស្លាកសញ្ញា និងពុំមានប្រភពនាំចូលចែកចាយច្បាស់លាស់ នៅក្នុងរាជធានីភ្នំពេញ ដោយបានដកហូតនូវផលិតផលចំនួន ២៦មុខ ស្មើនឹង ២,៤៤០គីឡូក្រាម។ 

មន្រ្តីក.ប.ប. នឹងបន្តចុះអនុវត្តការត្រួតពិនិត្យ​និងបង្រ្កាបទៅលើរាល់ផលិតផលដែលល្មើស និងបំពានច្បាប់ជាប្រចាំ សំដៅរក្សាបាននូវបរិយាកាសវិនិយោគ ការប្រកួតប្រជែងក្នុងសកម្មភាពអាជីវកម្មដោយស្មោះត្រង់ ស្មើភាព និងការពារបាននូវផលប៉ះពាល់ចំពោះអ្នក ប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ច និងសុខុមាលភាព។ 

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន​ ក.ប.ប. សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមប្រកបអាជីវកម្ម ធ្វើពាណិជ្ជកម្មក្នុងសកម្មភាពប្រកប ដោយភាពសុចរិត គោរពទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ជៀសវាងបាននូវការប្រឈមចំពោះផ្លូវច្បាប់ជាយថាហេតុ៕