ពលករ និង សិស្សនិស្សិតខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ បានចេញអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មីក្នុងនីតិកាលទី៧នៃរដ្ឋសភាដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្ត្រី។
ការចេញអបអរសាទរនេះ គឺធ្វើឡើងបន្ទាប់ពីរដ្ឋសភាជាតិនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនគណៈរដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។ តាមរយៈសាវីដេអូដែលអ្នកសារព័ត៌មានទទួលបាន ពលករទាំងនោះមានមកពីគ្រប់តំបន់ផ្សេងៗគ្នា ពលករបានលើកឡើងព្រមៗគ្នាថា បណ្ឌិតហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជារីកចម្រើន ហើយនឹងបន្តរក្សាបាននូវសុខសន្តិភាពដែលកម្ពុជាកំពុងមានបន្តទៀត។
ពួកគេបាន សម្ដែងនូវក្តីរំភើប និងបានអបអរលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ។ លោកជឿជាក់ថានាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ។
ទន្ទឹមនឹងនោះ ពលករខ្មែរនៅតំបន់ផ្សេងទៀត បានកត់សម្គាល់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹងនិងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជាព្រោះលោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងមានជំនាញនយោបាយ ហើយយោធាថែមទៀតផង។
គួររំលឹកថាក្រៅពីពលករដែលនៅប្រទេសហើយនោះ ពលរដ្ឋនៅក្នុងប្រទេសក៏សម្តេចការអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មី ហើយជាពិសេសនាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែតចំពោះការដឹកនាំរបស់លោកក្នុងអាណត្តិទី៧នេះ។ ពលរដ្ឋជឿជាក់ព្រមៗគ្នាថា លោកនឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍បន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។
ក្នុងនីតិកាលទី៧នេះ រដ្ឋាភិបាលថ្មីបានប្រកាសអនុវត្តភ្លាមនូវគោលនយោបាយទាំង៥របស់រដ្ឋាភិបាលដើម្បីធានានិរន្តរភាពរបស់រដ្ឋាភិបាល និងការផ្តល់សន្ទុះថ្មីដល់សង្គមជាតិ។ ក្នុងនោះរួមមាន ទី១ ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព។ ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បង្កើតការងារធ្វើ ការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យជូនកសិករ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និងមន្ត្រីរាជការ ជាដើម។
ទី៤ ធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនៅបច្ចុប្បន្ន និងអនាគតតាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។ និងទី៥ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគបៃតងដែលឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ៕