ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។ ក្នុងនោះពលករទាំងអស់ បានជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីចំពោះការបន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិ។
លោក ពេជ្រវីរៈ ជាពលករដែលកំពុងបម្រើការងារនៅតំបន់ហុងសុង នៃប្រទេសកូរ៉េខាងងត្បូង នៅថ្ងៃទី២២ ខែសីហា បានសម្ដែងនូវក្តីរំភើប និងបានអបអរលោកបណ្ឌិតហ៊ុន ម៉ាណែត ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅអាណត្តិទី៧នេះ។ លោកជឿជាក់ថានាយករដ្ឋមន្ត្រីកម្ពុជារូបនេះ នឹងដឹកនាំកម្ពុជាឱ្យរីកចម្រើន និងរក្សានូវសុខសន្តិភាពជូនប្រទេសជាតិ។
លោកថា៖ “ទន្ទឹមនឹងនោះ ពលករខ្មែរមួយក្រុមទៀត ក៏បានបញ្ជាក់ពីគុណសម្បត្តិរបស់នាយករដ្ឋមន្ត្រីថ្មីថា ជាបុគ្គលមួយរូបដែលមានទាំងចំណេះដឹងនិងបទពិសោធន៍ សាកសមជានាយករដ្ឋមន្រ្តីកម្ពុជា”។ ពលករទាំងអស់ ពឹងទៅលើនាយករដ្ឋមន្ត្រីថ្មីដែលនឹងតម្កល់ស្មារតីជាតិ បម្រើប្រជាជនដោយមិនប្រកាន់និន្នាការនយោបាយឡើយ។
ការចេញមកអបអរសាទររបស់ពលរដ្ឋខ្មែរដែលនៅក្រៅប្រទេសគឺធ្វើឡើងបន្ទាប់ពីរដ្ឋសភានៃនីតិកាលទី៧ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តចំពោះគណៈរដ្ឋមន្ត្រីថ្មីដែលមានលោកបណ្ឌិតហ៊ុន ម៉ាណែតជាប្រមុខ។
សូមបញ្ជាក់ថា ក្នុងថ្ងៃផ្តល់សេចក្តីទុកចិត្តលើសុពលភាពរបស់គណៈរដ្ឋមន្ត្រីថ្មី លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសារនយោបាយធានាចំនួន៥ចំណុច។ ទី១ ការធានាការពារឱ្យបានជាដាច់ខាត នូវសន្តិភាព, ស្ថិរភាព, សន្តិសុខ, និង សុវត្ថិភាព។ ទី២ ការធានាបន្តជំរុញអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ក្នុងគ្រប់វិស័យ។ ទី៣ ការធានាបន្តជំរុញលើកកម្ពស់ និង កែលម្អជីវភាពរបស់ប្រជាជន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បង្កើតការងារធ្វើ ការពង្រីកផលិតកម្ម និង ការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យជូនកសិករ, ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និងមន្ត្រីរាជការ ជាដើម។
ទី៤ ធានានូវសុវត្ថិភាពសង្គម និង លំនឹងក្នុងការរស់នៅរបស់ប្រជាជន, ទាំងនៅបច្ចុប្បន្ន និងអនាគតតាមរយៈការអភិវឌ្ឍ និង ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការជួយគាំពារប្រជាជនគ្រប់រូប, ជាពិសេស គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។ និងទី៥ ការធានាបង្កើនការយកចិត្តទុកដាក់ដល់ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការវិនិយោគបៃតងដែលឆ្លើយតបទៅនឹងបញ្ហានៃការប្រែប្រួល អាកាសធាតុ។
គួររំលឹកថាក្រៅពីពលករដែលនៅប្រទេសហើយនោះ ពលរដ្ឋនៅក្នុងប្រទេសក៏សម្តេចការអបអរសាទរចំពោះគណៈរដ្ឋមន្ត្រីថ្មី ហើយជាពិសេសនាយករដ្ឋមន្ត្រីថ្មី បណ្ឌិត ហ៊ុន ម៉ាណែតចំពោះការដឹកនាំរបស់លោកក្នុងអាណត្តិទី៧នេះ។ ពលរដ្ឋជឿជាក់ព្រមៗគ្នាថា លោកនឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍បន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន៕