ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ហើយសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រោះថ្នាក់ចំនួន ៤នាក់ បន្ថែមទៀត។
មេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
បន្ទាប់ពីបើកប្រតិបត្តិការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងថៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួកសរុបទាំងអស់ចំនួន ១១នាក់ និងតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់ជាបន្តទៀត។
នៅព្រឹកថ្ងៃទី២៣ ខែសីហា នេះ នាយឧត្តម សេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមឧក្រិដ្ឋទាំង ១១នាក់ នៅមន្ទីរប្រឆាំងគ្រឿងញៀន៕