ការចរចាលើកិច្ចព្រមព្រៀងស្ដីពី ការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឲ្យដឹងបន្ទាប់ពីភាគីទាំងពីរបានបើកកិច្ចប្រជុំបន្តការចរចា DTA នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
កិច្ចប្រជុំ DTA រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម តាមរយៈប្រព័ន្ធវីដេអូ ដែលគណៈប្រតិភូកម្ពុជា ដឹកនាំដោយលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ។ ចំណែកឯគណៈប្រតិភូ នៃអេមីរ៉ាតអារ៉ាប់រួម ដឹកនាំដោយលោកបណ្ឌិត Hamid Nasr Mohamed ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រសួងហិរញ្ញវត្ថុ។
គួររំលឹកថា ភាគីទាំងពីរក៏បានធ្វើការចរចា ជុំទី២ កាលពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងឌូបៃ ប្រទេស អេមីរ៉ាតអារ៉ាប់រួម។ កិច្ចប្រជុំចរចាបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងប្រកបដោយភាពយោគយល់គ្នាខ្ពស់ ដែលភាគី ទាំងពីរបានពិភាក្សាលម្អិតលើគ្រប់មាត្រាទាំងអស់ ដែលនៅសេសសល់ពីការចរចាជុំទី២ ជាលទ្ធផលបានដោះស្រាយ បញ្ហាដែលនៅសេសសល់ទាំងនេះស្ទើរតែទាំងស្រុង ដែលក្នុងចំណោមមាត្រាសរុបចំនួន ៣១ នៃ DTA ភាគីទាំងពីរ បានឯកភាពគ្នាចំនួន ៣០មាត្រា។
ដោយឡែកសម្រាប់មាត្រាមួយដែលនៅសល់ ភាគីទាំងពីរនឹងបន្តពិភាក្សា និងស្នើសុំការ សម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់។
DTA រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលនឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗនេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនពីអេមីរ៉ាតអារ៉ាប់រួម ជាឧបករណ៍គាំទ្រដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងជាចលករដ៏សំខាន់មួយជំរុញកំណើនក្នុងវិស័យ អាកាសចរអន្តរជាតិរវាងប្រទេសទាំងពីរផងដែរ៕
អត្ថបទ៖ អក្ខរា