សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍ថា ថ្ងៃនេះជាការគាប់ជួនខ្លាំងណាស់ដោយប្រទេសពីរកាន់របបរាជានិយមដូចគ្នានៅជិតខាងគ្នា កម្ពុជា និងថៃ ទទួលបាននាយករដ្ឋមន្រ្តីថ្មីក្នុងថ្ងៃតែមួយ។
សម្តេចតេជោ ហ៊ុន សែន ក្នុងបណ្តាញសង្គមតេឡក្រាមនាល្ងាចថ្ងៃទី២២ខែសីហា បានបញ្ជាក់ថា បើទោះបីខ្ញុំឈប់ធ្វើជានាយករដ្ឋមន្រ្តីកម្ពុជាចាប់ពីថ្ងៃនេះតទៅក៏ដោយ ខ្ញុំសូមផ្ញើសារអបអរសាទរជូនចំពោះឯកឧត្តម Srettha Thavisin ដែលត្រូវបានរដ្ឋសភា បោះឆ្នោតជ្រើសរើសជា នាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសថៃ។
ជាមួយគ្នានេះ សម្តេចតេជោអតីតនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានបង្ហាញសង្ឃឹមថា នាយករដ្ឋមន្រ្តីថ្មីទាំងពីរ នឹងធ្វើទំនាក់ទំនងជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរឲ្យរីកចម្រើនទ្វេដងបន្ថែមទៀត។
សូមជម្រាបជូនថា នៅថ្ងៃអង្គារ៍សប្តាហ៍នេះ ប្រទេសកម្ពុជាទទួលបាននាយករដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិទី៧ គឺឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ខណៈប្រទេសថៃនៅថ្ងៃរសៀលនេះបានប្រកាសពីការទទួលបាននាយករដ្ឋមន្រ្តីថ្មីផងដែរ ក្រោយជាប់គាំងក្នុងការបង្កើតរដ្ឋាភិបាលចម្រុះ គឺលោក srettha thavisin ដែលជាមនុស្សស្និទនឹងអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា៕