ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ (17th AMMTC) នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។
ក្នុងកិច្ចប្រជុំពេញអង្គនោះ ប្រទេសជាសមាជិកអាស៊ាន បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក អំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងប្រទេស និងក្នុងតំបន់ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមទាំង សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ (ASEAN Declaration on Combating Arms Smuggling) ដែលផ្តួចផ្តើមដោយកម្ពុជា ផងដែរ។
នារសៀលថ្ងៃដដែលនោះ ឯកឧត្តម សន្តិបណ្ឌិត ប្រធានគណៈប្រតិភូកម្ពុជា ក៏បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Muhammad Faishal Ibrahim រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជាតិ នៃសាធារណរដ្ឋសិង្ហបុរី។ នាឱកាសនោះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមករយៈពេលជាច្រើនឆ្នាំកន្លងមក។ បន្ទាប់មក ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងលើកកម្ពស់កិច្ចសហការលើការងារប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។
លើសពីនេះទៀត នារសៀលថ្ងៃទី២១ នេះដែរ ឯកឧត្តម សន្តិបណ្ឌិត ប្រធានគណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនិងនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការលើកកម្ពស់ការកសាងសមត្ថភាព ដែលភាគីឥណ្ឌូនេស៊ី តំណាងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ Listyo Sigit Prabowo អគ្គស្នងការនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី៕