រដ្ឋសភា បោះឆ្នោតជ្រើសតាំង លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, ឯកឧត្តមបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និងឯកឧត្តម វង សូត ជាអនុប្រធានទី២។ នេះបើតាមការបោះឆ្នោតជាកញ្ចប់នៅក្នុងសភាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសំឡេង១២៣សំឡេង លើ១២៥សំឡេង(២សំឡេងអវត្តមាន)។
សូមជម្រាបថា នៅព្រឹកនេះ រដ្ឋសភាជាតិបន្តសម័យប្រជុំលើកទី១ជាបន្តទៀត លើរបៀបវារៈ១ គឺបោះឆ្នោតជាកញ្ចប់ជ្រើសរើសក្បាលម៉ាស៊ីនរដ្ឋសភា, ក្បាលម៉ាស៊ីនគណៈកម្មការទាំង១០ និងក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល។
ក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាល អាណត្តិថ្មី ត្រូវបានបង្ហើបរួចផងដែរ ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ក្នុងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានគាំទ្រដោយសមាជិកអចិន្ត្រ្តៃយ៍បក្ស ជាប្រធានរដ្ឋសភា។ ចំណែកឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគាំទ្រជានាយករដ្ឋមន្ត្រី បន្តពីសម្តេច ហើយសម្តេចតេជោនឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។
បន្ទាប់ពីកិច្ចប្រជុំសភារួចរាល់នៅព្រឹកនេះ សម្ដេចតេជោ នឹងអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមមួយផងដែរ៕