បើកបង្ហាញ! ក្រុមក្រិដ្ឋជនរំដោះអ្នកទោសមេក្លោងគ្រឿងញៀន បង្ក្រាបបាន ៧នាក់, មាន៦នាក់ ជាជនជាតិខ្មែរអាមេរិក និងជនជាតិចិនអាមេរិកម្នាក់

ឯកឧត្តម នាយឧត្តមសេនីយ៍  ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការចុះបង្ក្រាបបទល្មើសរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា កម្លាំងអង្គភាពជំនាញជាច្រើនស្ថាប័ន បានរួមដៃគ្នាយ៉ាងស្អិតរមួតឈានដល់ការចាប់ខ្លួនក្រុមក្រិដ្ឋជនរំដោះអ្នកទោសមេក្លោងគ្រឿងញៀន បង្ក្រាបបាន ០៧នាក់ (ស្រីម្នាក់), ក្នុងនោះ ៦នាក់ ជាជនជាតិខ្មែរអាមេរិកកាំង និងជនជាតិចិនសញ្ជាតិអាមេរិកម្នាក់។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕

អត្ថបទ៖ អក្ខរា