លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បាន ឱ្យដឹងថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣នេះ អង្គភាពពន្ធដារ បានទទួលបានចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល ឬស្មើរប្រមាណជា ២ ៣១២,៩៥ លានដុល្លារអាមេរិក។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ កាលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៩៧៣,៧៦ ប៊ីលានរៀល (ប្រមាណជា ២៤០,៤៣ លានដុល្លារ) ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ជាងនេះទៀត លោកថា បើគិតសរុបរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ចំណូលពន្ធ-អាករដែល ប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។
តាមរយៈកិច្ចប្រជុំខាងលើ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ បានលើកឡើងដែរថា ទោះបីជាការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារនៅបន្ត រក្សាបានសញ្ញាវិជ្ជមានក៏ដោយ ក៏បញ្ហានៃភាពមិនប្រាកដប្រជានិងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានប៉ះពាល់ដល់បណ្តាប្រទេសដែលជាប្រភពទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធឈានទៅប៉ះពាល់ដល់ចំណូលពន្ធឱ្យបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និងពិសេសមូលដ្ឋានក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់។
យ៉ាងណាមិញ ឆ្លៀតក្នុងឱកាសនោះ លោក គង់ វិបុល ក៏កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានពន្ធដារ ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដែលជា ជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕
អត្ថបទ៖ពិសី