សមាជិកសភានៃគណបក្សថៃរួបរួមជាតិ លោក Akaradej Wongpitakroj បានប្រាប់ទៅកាន់សារព័ត៌មានថា គណបក្សភឿថៃ និងគណបក្សរបស់លោក បានចុះកិច្ចព្រមព្រៀងជាមួយគ្នារួចហើយ ដោយគណបក្សគាំទ្រដោយរបបយោធាមួយនេះ សន្យាជ្រោមជ្រែងដល់គណបក្សកូនស្រីថាក់ស៊ីន ក្នុងការបង្កើតរដ្ឋាភិបាលថ្មី ខណៈកិច្ចព្រមព្រៀងមួយនេះ ធ្វើឡើងក្រោយគណបក្សភឿថៃ និងគណបក្សឆ្ពោះទៅមុខ ប្រកាសចែកផ្លូវគ្នាដើរ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន TheNation បានបង្ហាញថា ក្រោយការចូលរួមពីគណបក្សថៃរួបរួមជាតិដែលមាន ៣៦អាសនៈ ពេលនេះគណបក្សចម្រុះដឹកនាំដោយគណបក្សភឿថៃ កំពុងមាន ២៧៤អាសនៈ ច្រើនជាងពាក់កណ្ដាលនៃចំនួនអាសនៈសរុបនៃសភា។
ជាមួយគ្នានោះ ដើម្បីអាចមានសង្ឃឹមខ្ពស់ក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលគ្រោងធ្វើនាថ្ងៃអង្គារខាងមុខ គណបក្សភឿថៃចាំបាច់ត្រូវការការគាំទ្រពីគណបក្សដទៃ ដូចជាគណបក្ស Palang Pracharath ដែលមាន ៤០អាសនៈជាដើម។
សូមជម្រាបថា គណបក្សចម្រុះដឹកនាំដោយគណបក្សភឿថៃ តែងតែប្រកាសរកការគាំទ្រពីគណបក្សដទៃ ដោយមិនខ្វល់ពីទំនាក់ទំនងនយោបាយឡើយ ដើម្បីបំបាត់វិបត្តិសំខាន់ៗបីរបស់ប្រទេសថៃគឺ រដ្ឋធម្មនុញ្ញ សេដ្ឋកិច្ច និងវិវាទក្នុងសង្គម៕