កម្ពុជានឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយស៉ីមបាវ៉េ ដែលជាប្រទេសមួយនៅភាគខាងត្បូងទ្វីបអាហ្វ្រិក និងមានភាពល្បីល្បាញផ្នែកទេសចរណ៍ធម្មជាតិ ដើម្បីជំរុញទាក់ទាញរំហូរទេសចរ ទៅវិញទៅមក និងប្រទេសទី៣ ខណៈស៉ីមបាវ៉េក៏សម្លឹងឃើញសក្ដានុពលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍របស់កម្ពុជាផងដែរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងពេលឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យលោកជំទាវ ខន់ស្តេន ចេមវ៉ាយី (Constance Chemwati) ឯកអគ្គរដ្ឋទួតស៉ីមបាវ៉េប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅម៉ាឡេស៉ី ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីស្ថានភាពទេសចរណ៍កម្ពុជា ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ព្រមទាំងបានបង្ហាញអំពីកត្តាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក្នុងនោះវិស័យទេសចរណ៍ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ក្នុងការស្ដារនិងលើកស្ទួយឡើងវិញបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៥លាននាក់ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជាច្រើន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យទេសចរណ៍ បង្កើនចលនាភ្ញៀវទេសចរឱ្យកាន់តែច្រើនលើសនេះទៀត ខណៈ៧ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិជាង៣.០៣លាននាក់រួចទៅហើយ។
លោកជំទាវ ខន់ស្ដេន ចេមវ៉ាយី បានសង្កេតឃើញនូវការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាមានភាពលឿនរហ័ស។ លោកស្រីបានបន្តថា កម្ពុជានិងស៊ីមបាវ៉េអាចសហការគ្នាដើម្បីជំរុញទេសចរទៅវិញទៅមក និងទាក់ទាញភ្ញៀវទេសចរទី៣ តាមរយៈការអភិវឌ្ឍទេសចរណ៍វប្បធម៌ ដោយសារកម្ពុជាជាគោលដៅទេសចរណ៍វប្បធម៌ស្រាប់ និងមានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ប្រភេទនេះផងដែរ ពិសេសនៅតាមគោលដៅបេតិកភណ្ឌវប្បធម៌ជាច្រើន។ លោកជំទាវបានបន្តថា ស៊ីមបាវ៉េគឺចង់ជំរុញទេសចរណ៍វប្បធម៌ឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញកំណើនទេសចរនៅក្នុងប្រទេសខ្លួនឱ្យកាន់តែច្រើន ក្រោយពេលវិបត្តិកូវីដ១៩។
ជាមួយគ្នានោះ ភាគីទាំងពីរបានពិភាក្សាគ្នាលើការអភិវឌ្ឍវិស័យអេកូទេសចរណ៍របស់ប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទួតថា កម្ពុជាមានសក្ដានុពលទេសចរណ៍ជាច្រើន និងមានគោលនយោបាយជាច្រើនសម្រាប់ជំរុញវិស័យអេកូទេសចរណ៍នេះ ហើយក្នុងវិបត្តិជំងឺកូវីដ១៩ វិស័យអេកូទេសចរណ៍គឺជាផលិតផលទេសចរណ៍សំខាន់ដែលជំរុញដោលកំណើនទេសចរក្នុងស្រុក។ លោកជំទាវឯកអគ្គរដ្ឋទួតក៏បានបញ្ជាក់ដែរថា នៅប្រទេសស៉ីមបាវ៉េក៏មានធនធានធម្មជាតិច្រើនដែរ ពិសេសសត្វព្រៃជាច្រើនប្រភេទដែលជាគោលដៅសំខាន់ ហើយនៅជាប់ទឹកធ្លាក់វិចតូរីយ៉ាដែលជាគោលដៅទាក់ទាញខ្លាំងមួយ។ តាមរយៈការលើកឡើងនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការចំពោះវិស័យទាំងពីរនេះ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយភាគី-ភាគីស៉ីមបាវ៉េបានមើលឃើញចំណុចសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយសារកម្ពុជាមានភាពលេចធ្លោលើការបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ស្របតាមស្ដង់ដាអាស៊ាន។ ដូច្នេះប្រទេសទាំងពីរអាចនឹងមានការផ្លាស់ប្ដូរធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។
តែយ៉ាងណា ភាគីទាំងពីរនឹងរៀបចំជាអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នា ដើម្បីជាផែនទីសម្រាប់អនុវត្តផែនការសកម្មភាពជាមួយគ្នា ហើយនឹងជួបពិភាក្សាគ្នាបន្ថែមទៀតក្នុងពេលដែលអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំមហាសន្និបាតនៅប្រទេសអ៊ូបេគីស្ថាន (នៅតំបន់អាស៉ីកណ្ដាល) នៅចុងឆ្នាំ២០២៣ខាងមុខ៕