ឈុតតំណាងជាតិដែលបេក្ខភាព Miss Grand Cambodia 2023 អ៊ិន លក្ខិណា គ្រងនៅក្នុងថ្ងៃប្រកួតឈុតតំណាងជាតិនៅថ្ងៃទី ១៦ ខែ សីហា កន្លងមកនេះ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ប៉ុន្តែនៅឯក្រោយឆាកវិញ គឺ អ៊ិន លក្ខិណា បានជួបរឿងនឹកស្មានមិនដល់ពេលដែលនាងគ្រងឈុត « ដែនដីនៃមន្តអាគម » ។
ឈុតតំណាងជាតិដែលបេក្ខភាពMiss Grand Cambodia 2023 ទាំង ២៥ រូបបានគ្រងក្នុងថ្ងៃប្រកួតនោះ ពិតជាទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង ដោយសារឆ្នាំនេះមានអ្នកច្នៃម៉ូដដែលមានឈ្មោះល្បីជាច្រើនចូលរួមបង្ហាញស្នាដៃខ្លួន ។ ដោយឡែកក្នុងចំណោមឈុតតំណាងជាតិទាំងនោះ បេក្ខភាព អ៊ិន លក្ខិណា បានជ្រើសរើសយកឈុតតំណាងជាតិដែលមានឈ្មោះថា « ដែនដីនៃមន្តអាគម » យកមកប្រកួតប្រជែង ដែលច្នៃម៉ូដដោយលោក ស្ករគ្រាប់ ។
ក្នុងឈុត« ដែនដីនៃមន្តអាគម » នេះ អ៊ិន លក្ខិណា ពិតជាលេចធ្លាខ្លាំង សូម្បីតែរូបនាងផ្ទាល់ក៏មានអារម្មណ៍ថា Wow និងពេញចិត្តខ្លាំងលើឈុតមួយនេះ ។ អ៊ិន លក្ខិណា បានប្រាប់ថា ពេលដែលនាងគ្រងឈុតនេះដំបូង គឺនាងបានជួបរឿងមួយចំនួនដែលមិនគួរឱ្យជឿ ធ្វើឱ្យនាងមានអារម្មណ៍ដូចជានៅក្នុងឋានមួយផ្សេងទៀត ជាពិសេសគឺពេលដែលដើរនៅលើឆាកតែម្តងគឺនាងជួបរឿងដ៏រន្ធត់មួយ តែទោះជាយ៉ាងណានាងបានបន់ស្រន់សូមឱ្យនាងជោគជ័យ និងធ្វើបានល្អ ។ ទីបំផុតនាងអាចធ្វើដូចអ្វីដែលខ្លួនប៉ងប្រាថ្នា ។ ដំបូងនាងក៏មានអារម្មណ៍ភ័យខ្លាចដែរពេលដែលគ្រងឈុតនេះ តែដោយសារឃើញឈុតនេះស្រស់ស្អាត សមទៅតាមអ្វីដែលនាងចង់បាន នាងក៏យល់ព្រមគ្រងដោយមិនមានការរារែកចិត្ត ។
ចំណែកលោក ស្ករគ្រាប់ ដែលជាអ្នកច្នៃម៉ូដឈុតតំណាងជាតិនេះសម្រាប់ អ៊ិន លក្ខិណា វិញ ក៏បាននិយាយផងដែរថា ឈុតនេះគឺពិតជាមានអាថ៌កំបាំងនៅពីក្រោយមែន អាចនិយាយបានថា វាជាអបិយជំនឿមួយ ពីព្រោះលោកបានជួបមកហើយពេលដែលលោកធ្វើឈុតនេះ ប៉ុន្តែឈុតនេះរងចាំម្ចាស់របស់វាមែន គឺកញ្ញា អ៊ិន លក្ខិណា តែម្តង នៅពេលដែលគាត់គ្រងឈុតនេះ គឺបានជួយហេតុការណ៍មួយចំនួន ប៉ុន្តែជារឿងល្អៗទេ ។
គួរបញ្ជាក់ផងដែរថា កញ្ញា អ៊ិន លក្ខិណា ជាបេក្ខភាព Miss Grand Cambodia 2023 តំណាងខេត្ត ប៉ៃលិន នាងមានការជឿជាក់ខ្លាំងលើកសមត្ថភាពរបស់ខ្លួនក្នុងវិលត្រឡប់មកប្រកួតជាថ្មីម្តងទៀតក្នុងវិស័យបវរកញ្ញា បើទោះបីជាលទ្ធផលមិនទាន់ដឹងច្បាស់ថា នរណានិងគ្រងមកុដ Miss Grand Cambodia 2023 នេះក្តី នាងនៅតែបង្ហាញជំហរ និងក្តីរំពឹង ៕