ស្នងការនគបាលខេត្តសៀមរាប បានបញ្ជាក់ថា សមត្ថកិច្ចចំរុះកំពុងស្រាវជ្រាវស្វែងរកខ្មាន់កាំភ្លើងមួយក្រុមមានគ្នា ៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ ចូលភ្ជង់សមត្ថកិច្ចពន្ធនាគាររំដោះអ្នកទោសមេឃ្លោងជួញដូរគ្រឿងញៀនជនជាតិចិនពីពេទ្យគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹមមិញនេះ។
សេចក្ដីរាយការណ៍ជំហានដំបូង បានឲ្យដឹងថា នៅព្រឹកមិញនេះ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។
ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿងម៉ាក Lexus 330 ពណ៌ផ្សេងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងរួមដៃគ្នាដើម្បីស្រាវជ្រាវស្វែងរកក្រុមឧក្រិដ្ឋជន ក្រោយទទួលបានព័ត៌មានមួយចំនួនតាមរយៈកាំមេរ៉ាសុវត្ថិភាព។
លោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា ពិរុទ្ធជនឈ្មោះ Chen hsin han អាយុ ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោសជាង ៥០ឆ្នាំ៕
អត្ថបទ៖ អក្ខរា