ក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមនឹងថ្នាក់ដឹកនាំក្រសួង ដូចជា លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំពាក់ព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ដោយមាន ការចូលរួមពីគណៈប្រតិភូមកពីស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
ភាគីទាំងពីរ កម្ពុជា និងឥណ្ឌូណេស៊ី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ដោយផ្អែក និងពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ ដែលបានចែករំលែកទៅវិញទៅមកនូវ ប្រវត្តិសាស្រ្ត សាសនា ការផ្សាភ្ជាប់នយោបាយ រវាងប្រទេសទាំងពីរ។ ក្នុងន័យនេះជាមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ភាគីកម្ពុជាបាន ពិភាក្សាជាមួយភាគីឥណ្ឌូណេស៊ី នូវលទ្ធភាពការនាំចេញអង្ករ ទៅប្រទេសឥណ្ឌូណេស៊ី តាមរយៈការចុះអនុស្សរណៈយោគយល់គ្នាស្តីពី ពាណិជ្ជកម្មអង្កររវាងប្រទេសទាំងពីរ។
ជាលទ្ធផលនៃកិច្ចជំនួបទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូណេស៊ី បានឯកភាពគ្នា៖ ១. ភាគីឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។ ២. ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់ស្តីពីការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោនក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។ ៣. ភាគីទាំងពីរបានឯកភាពបង្កើតនូវយន្តការ ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងនិងសម្របសម្រួលក្នុងកិច្ចការពាណិជ្ជកម្មអង្ករផងដែរ៕
អត្ថបទ៖ អក្ខរា