ក្រសួងបរិស្ថាន៖ ការកម្សាន្តដើរព្រៃ បាននិងកំពុងធ្វើឲ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិកាន់តែប្រសើរ

ការកម្សាន្តដើរព្រៃ បាននិងកំពុងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនខ្សែច្រវាក់សកម្មភាព សេដ្ឋកិច្ចកិច្ចមូលដ្ឋាន និងប្រទេសជាតិ ដែលមានមេត្រីភាព ទៅនឹងការអភិរក្ស នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។

ក្រុមយុវជនជាង២០០នាក់ បានផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ ដោយបានដើរព្រៃ ឡើងភ្នំត្បែង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិតាំងយូ នៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ភូមិសាស្រ្តខេត្តព្រះវិហារ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។

គួរឲ្យដឹងដែរថា ថ្មីៗនេះ ក្រសួងបរិស្ថានទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បង្កើតឡើងដើម្បីគាំទ្រ និងជំរុញឱ្យការផ្សព្វផ្សាយអំពីគោលដៅអេកូទេសចរណ៍ បានកាន់តែទូលំទូលាយ។

កម្មវិធីទូរសព្ទនេះ នឹងបង្កើនភាពងាយស្រួលដល់អ្នកទេសចរក្នុងការស្វែងរកព័ត៌មានច្បាស់លាស់អំពីគោលដៅអេកូទេសចរណ៍ និងសម្រួលដល់ការធ្វើដំណើរកម្សាន្តជាមួយនឹងមុខងារសំខាន់ៗ ដូចជា ផែនទីនាំផ្លូវ ការរៀបចំផែនការធ្វើដំណើរ និងការចែករំលែកព័ត៌មានអំពីតំបន់ទេសភាព តាមរយៈរូបថត និងសារខ្លីៗជាដើម៕

អត្ថបទ៖ អក្ខរា

default